ធនាគារ វឌ្ឍនៈ ជាប្រតិបត្តិករផ្តល់សេវាធនាគារ សម្រាប់អាជីវកម្ម និងពាណិជ្ជកម្មគ្រប់ប្រភេទនៅកម្ពុជា ដែលបើកប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០២។ វឌ្ឍនៈ បង្កើតឡើងដោយសហស្ថាបនិក អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ។
បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកជាង ៧៥០ នាក់ និង ២៩សាខា ដែលក្នុងនោះ ១២ សាខា ស្ថិតនៅ រាជធានីភ្នំពេញ និង១៧សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាល ធនាគារ វឌ្ឍនៈ ស្ថិតនៅអគារ វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ បាននិងកំពុងបន្តសាងសង់សាខាជាច្រើនទីតាំងផ្សេងទៀត ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២២នេះ។
តទៅនេះសារព័ត៌មានឧកញ៉ាញូស៍ សូមបង្ហាញមុខ និងបទពិសោធការងារមួយចំនួនរបស់ថ្នាក់ដឹកនាំកំពូលៗដែលជាក្រុមប្រឹក្សាបាលនៃធនាគារ វឌ្ឍនៈ ខណៈដែលសមាជិកត្រូវបានតែងតាំងដោយមហាសន្និបាតភាគទុនិករបស់ធនាគារ និងដោយមានការអនុម័តពីធនាគារជាតិនៃកម្ពុជា។
អ្នកឧកញ៉ា សំ អាង ជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ ហើយក៏ជាសហស្ថាបនិកក្រុមហ៊ុន Vattanac Industrial Park I & II។ លើសពីនេះលោកក៏បានចូលរួមជាសហស្ថាបនិកក្រុមហ៊ុនជាច្រើនផ្សេងទៀត ដូចជា៖ ក្រុមហ៊ុន Vattanac Capital Limited, Vattanac Investment Limited, Vattanac F&B Limited, Vattanac Golf Resort Co., Ltd., រោងចក្រស្រាបៀរ Vattanac Brewery Co., Ltd. , Progress Jewellery Pte,Ltd. និងក្រុមហ៊ុនអចលនទ្រព្យ Vattanac Properties Limited។
អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ និងជាសហស្ថាបនិកធនាគារ វឌ្ឍនៈ។ អ្នកស្រីក៏ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន Vattanac Industrial Park I & II សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vattanac Import Export Co., Ltd. ហើយជាសហស្ថាបនិក ម្ចាស់ភាគហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vattanac Capital Limited, ក្រុមហ៊ុន Vattanac Investment Limited, ក្រុមហ៊ុន Vattanac F&B Limited និងក្រុមហ៊ុន Vattanac Golf Resort Co., Ltd.។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សហស្ថាបនិក ម្ចាស់ភាគហ៊ុន និងនាយកមិនប្រតិបត្តិធនាគារ វឌ្ឍនៈ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្ម សេដ្ឋកិច្ច និងការគ្រប់គ្រង ពីសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងបានសិក្សាស្រាវជ្រាវផ្នែកអាជីវកម្ម ធនាគារនៅធនាគារ Allied Irish ចក្រភពអង់គ្លេសក្នុងឆ្នាំ២០០៥។
អ្នកឧកញ៉ាចូលកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ អចលនទ្រព្យ លីមីតធីត កាលពីឆ្នាំ ២០០៧ និងគ្រប់គ្រងអាគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល់។ លោកក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Vattanac Investment Limited និងជាសហស្ថាបនិក ភាគហ៊ុនិក និងជានាយករោងចក្រផលិតស្រាបៀរ Vattanac Brewery Co., Ltd., ក្រុមហ៊ុន Vattanac Investment Limited, ក្រុមហ៊ុន Vattanac F&B Limited, ក្រុមហ៊ុន Vattanac Capital Limited និងក្រុមហ៊ុន Vattanac Golf Resort Co., Ltd.។
លោកជំទាវ សំអាង កាន្និកា សហស្ថាបនិក និងជានាយកមិនមែនប្រតិបត្តិនៃធនាគារវឌ្ឍនៈ តាំងពីឆ្នាំ ២០០២។ លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៤ និងមានបទពិសោធន៍ការងារជាសវនករឯករាជ្យនៅក្រុមហ៊ុន KPMG និង Deloitte ប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០០៤- ២០០៧។
លោកស្រីធ្លាប់បម្រើការជាគណនេយ្យករ និងជាសមាជិកនៃក្រុមគ្រប់គ្រងហានិភ័យនៅក្នុងធនាគារអន្តរជាតិ JP Morgan និង Credit Suisse នៅសិង្ហបុរីពីឆ្នាំ 2007 ដល់ឆ្នាំ 2008។ លើសពីនេះ ក៏បានបញ្ចប់កម្មវិធីសិក្សាថ្នាក់គ្រប់គ្រង នៅសាលាពាណិជ្ជ Harvard សហរដ្ឋអាមេរិក នៅដើមឆ្នាំ ២០១០។
ទន្ទឹមនឹងនោះ លោកស្រីក៏ជាសហស្ថាបនិក ម្ចាស់ភាគហ៊ុន និងជានាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ខូអិលធីឌី និង វឌ្ឍនៈ ហ្គោល រីសត ខូអិលធីឌី ផងដែរ។
លោកជំទាវ តាល់ណៃ អ៊ីម ត្រូវបានតែងតាំងជានាយកឯករាជ្យនៃក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ នៅខែមេសាឆ្នាំ ២០១១ និងត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសកម្មភាព និងផលិតផលថ្មី (NAP) ក្នុងខែតុលា ឆ្នាំ ២០១៦។
លោកស្រីបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៧៤។ ហើយលោកស្រីមានបទពិសោធជោគជាំជាង ៣០ ឆ្នាំ នៅក្នុងធនាគារពាណិជ្ជ និងធនាគារជាតិនៃកម្ពុជា។ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០១០ លោកស្រីបានកាន់តំណែងជាអគ្គនាយកនៃនាយកដ្ឋានសំខាន់ៗចំនួន ៤ គឺនាយកដ្ឋានត្រួតពិនិត្យធនាគារ នាយកដ្ឋានប្រតិបត្តិការធនាគារ នាយកដ្ឋានស្ថិតិ និងស្រាវជ្រាវសេដ្ឋកិច្ច និងនាយកដ្ឋានប្តូរប្រាក់បរទេស។
លោកជំទាវ សំអាង លក្ខិណា ត្រូវបានតែងតាំងជានាយកមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។ លោកស្រីបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១០។
ហើយលោកស្រីក៏ជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី លីមីតធីត និងក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីតធីត និងសហស្ថាបនិក ម្ចាស់ភាគហ៊ុន និងជានាយកនៃរោងចក្រផលិតស្រាបៀរ Vattanac Brewery Co., Ltd. ក្រុមហ៊ុន Vattanac Golf Resort Co., Ltd.។
លោក ជច ទាវ ចូវ ជី ជាជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជានាយកមិនប្រតិបត្តិឯករាជ្យនៃក្រុមប្រឹក្សាភិបាល ហើយត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងអនុលោមភាពក្នុងខែវិច្ឆិកា ឆ្នាំ ២០០៩។ លោកគឺជាប្រធានគណៈកម្មាធិការសកម្មភាព និងផលិតផលថ្មីចាប់ពីខែធ្នូ ឆ្នាំ ២០១០ រហូតដល់ខែតុលាឆ្នាំ ២០១៦។ លោកមានបទពិសោធជាង ៣០ ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅក្នុងធនាគារក្នុងស្រុកមួយចំនួន និងក្រុមហ៊ុន Philip Futures ក្នុងប្រទេសសិង្ហបុរី។
លោក តែង យូ វ៉ង ជាជនជាតិសិង្ហបុរី ត្រូវបានតែងតាំងជានាយកមិនប្រតិបត្តិឯករាជ្យនៃក្រុមប្រឹក្សាភិបាល និងត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការសវនកម្មក្នុងខែមិថុនា ឆ្នាំ ២០០៧ ។ លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យសិង្ហបុរីក្នុងឆ្នាំ ១៩៧០។ ជាគណនេយ្យករជំនាញទទួលស្គាល់នៅប្រទេសសិង្ហបុរី និងមានតួនាទីជាគណៈគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនផលិតកម្ម និងសេវាកម្មពីឆ្នាំ ១៩៦៨ – ២០០៥។