មហាសេដ្ឋី Gautam Adani បានទទួលងារជាអ្នកមានដាច់គេនៅអាស៊ី បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកមានការកើនឡើងខ្ពស់ខ្លាំងនាពេលថ្មីៗនេះ និងតាមពីក្រោយប្រកៀកប្រកិតដោយមហាសេដ្ឋីរួមសញ្ជាតិ Mukesh Ambani។
យ៉ាងណា ប្រិយមិត្តប្រហែលជាមិនទាន់ជ្រាបច្បាស់នៅឡើយពីហេតុការណ៍បះសក់ជាច្រើនដងដែលមហាសេដ្ឋីឥណ្ឌាធ្លាប់ជួប ដែលក្នុងនោះលោក Adani ធ្លាប់ទាំងស្ថិតនៅក្នុងហេតុការណ៍ភេរវកម្មដល់ទៅ ២ លើកឯណោះ។
នៅក្នុងថ្ងៃទី ០១ មករា ១៩៩៨ លោក Adani និងអ្នកនយោបាយ Shantilal Patel ត្រូវបានគេចាប់ជំរិត ដោយតាមសេចក្ដីរាយការណ៍គឺ ក្រុមភេរវកម្មបានយកកាំភ្លើងភ្ជង់ និងបញ្ជាឲ្យលោកឈប់ឡាន និងបានចាប់អ្នកទាំង ២ ទៅកន្លែងស្ងាត់ តែក្រោយមកត្រូវបានដោះលែងមកវិញ។
រំលងបានជាង ១០ ឆ្នាំក្រោយ ពោលនៅថ្ងៃទី ២៦ វិច្ឆិកា ២០០៨ ក្រុមភេរវកម្មបានបង្កភាពចលាចលជាច្រើនកន្លែងនៅទីក្រុង Mumbai ដែលក្នុងចំណោមកន្លែងទាំងអស់ មានមួយកន្លែងជាភោជនីយដ្ឋានដែល Adani កំពុងទទួលអាហារពេលល្ងាចគឺសណ្ឋាគារ Taj។
មិនខុសគ្នាពីភ្ញៀវដទៃ Adani បានរត់ពួននៅបន្ទប់ក្រោមដីនៃសណ្ឋាគារ បន្ទាប់ពីក្រុមភេរវកម្មធ្វើការវាយលុក។ រំលងបានប៉ុន្មានម៉ោង លោកនិងភ្ញៀវដទៃបានប្ដូរកន្លែងមកកាន់សាលប្រជុំនៃសណ្ឋាគារវិញ និងត្រូវបានរំដោះដោយក្រុមអង្គរក្សផ្ទាល់ខ្លួននាព្រឹកបន្ទាប់ តាមទ្វារក្រោយនៃសណ្ឋាគារ។
បញ្ជាក់ដែរថា បច្ចុប្បន្ន Gautam Adani គឺជាមហាសេដ្ឋីមានបំផុតនៅអាស៊ីជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៩០ ពាន់លានដុល្លារ ខណៈតាមពីក្រោយយ៉ាងប្រកៀកប្រកិតពីលោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិប្រមាណ ៨៩,៩ ពាន់លានដុល្លារ៕
ប្រភព: News9live