នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី OIF សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃអង្គារ៍ ទី០៨ ខែកុម្ភៈនេះ បានរៀបំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ មុនបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចូលមកដល់នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ជំនួបនេះមានការចូលរួមពីម្ចាស់សហគ្រាស សហគ្រិនជាច្រើនក្នុងពហុវិស័យ ដើម្បីពិភាក្សាតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិកអង្គការ OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង ដែលមានប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥រូបមកពីគ្រប់ទ្វីបទាំងអស់។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកឡើងថា ជំនួបលើកនេះជាឪកាសពិភាក្សាទំនាក់ទំនង និងការរំពឹងចង់បានរបស់ក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនអន្តរជាតិ ជាពិសេសទាក់ទងនឹងទស្សនកិច្ចតាមសហគ្រាស ពិនិត្យលទ្ធភាពផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក។
ផ្តល់បទសម្ភាសជាមួយសារព័ត៌មានឧកញ៉ាញូស៍ លោកបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ជំនួបសេដ្ឋកិច្ចហ្រ្វង់កូហ្វូនី ផ្តល់ឪកាសឲ្យសហគ្រិននៅកម្ពុជាបង្ហាញអំពីសក្តានុពលរបស់ខ្មែរ។ លោកថ្លែងថា៖ “តាមពិតគំនិតផ្តួចផ្តើមរបស់ខាងហ្វ្រង់កូហ្វូនី គឺគេនាំសហគ្រាសមកពីប្រទេសជាសមាជិក ពីទ្វីបអាហ្វ្រិក អាមេរិក មជ្ឈិមបូពារ៍ ដើម្បីមកជួបសហគ្រាស សហគ្រិនខ្មែរយើង ហើយគោលបំណងគឺបង្កើតទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងទ្វីបទាំងពីរ”។
បណ្ឌិត ឈីវ យីស៊ាង បានសង្កត់ធ្ងន់ថា តួនាទីរបស់ក្រសួងការបរទេសរបស់រដ្ឋ គឺសម្របសម្រួលទំនាក់ទំនង ហើយសហគ្រាសដែលមានវត្តមាននៅទីនេះនឹងជួបជាមួយសហគ្រាសបរទេស ចាប់ផ្តើមសហការជាមួយគ្នា ជជែកថា តើឪកាសអ្វីខ្លះដែលអាចធ្វើការជាមួយគ្នា ជាពិសេសនៅពេលធ្វើការជាមួយគ្នា កម្ពុជាអាចនាំចេញផលិតផលទៅក្រៅប្រទេសដែលគេត្រូវការ ហើយខាងបរទេសនោះអាចផ្គត់ផ្គង់អ្វីខ្លះមកដល់កម្ពុជាដូចជាវត្ថុធាតុដើម។
លោកបានអះអាងថា៖ “ជំនួបសេដ្ឋកិច្ចហ្រ្វង់កូហ្វូនី ជាការផ្សារភ្ជាប់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាតែម្តង”។
យ៉ាងណា បើតាមលោកបណ្ឌិត សហគ្រិនខ្មែរ ត្រូវតែពង្រឹងសមត្ថភាព ក្នុងន័យនេះលោកចង់សំដៅថា អ្វីដែលកំពុងធ្វើបច្ចុប្បន្ននេះមិនទាន់គ្រប់គ្រាន់នៅឡើយ ហើយត្រូវបង្កើនសមត្ថភាព ឬពង្រីកជំនាញឲ្យកាន់តែខ្ពស់បន្ថែមទៀត។ កាលណា មានលទ្ធភាពកាន់តែខ្ពស់ ផលិតផលក៏បានគុណភាព ដូច្នេះផលិតផលមានគុណភាពវាសាងភាពល្បីល្បាញ ដូច្នេះវាអាចទាក់ទាញអ្នកវិនិយោគនៅជុំវិញពិភពលោកដែលនឹងមកវិនិយោគ ដើម្បីធ្វើការសហការជាមួយគ្នា រកស៊ីជាមួយគ្នា។
លោកបណ្ឌិត ឈីវ យីស៊ាវ បានបញ្ជាក់ថា នៅពេលអ្នកវិនិយោគបរទេសគេមកបណ្តាក់ទុន ឬសហការ នឹងធ្វើឲ្យសហគ្រិន ម្ចាស់សហគ្រាសយើងកាន់តែរីកធំឡើងដែលជាអត្ថប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ប្រទេស ហើយនៅឆ្នាំ ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,៦ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ ២០១៩៕