និយាយពីអ្នកមាន ពួកគេចង់ទិញឡានស៊េរីទំនើប ទិញនាវា ទិញកោះមួយរស់នៅម្នាក់ឯក ឬសង់ភូមិគ្រឹះខ្ពស់ដូចវិមានសួគ៍ក៏អាចទិញបានដែរ សម្រាប់ពាក្យថា អ្នកមាន នេះនិយាយជារួម។ ដោយឡែកសម្រាប់កម្ពុជា បុគ្គលដែលមានគោមរងារឧកញ៉ា អ្នកឧកញ៉ា ឬសហគ្រិនខ្មែរមានមុខជំនួញប្រាក់លានក្នុងដៃក៏កើនឡើងគួរឲ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយ។
អ្នកជំនួញ ម្ចាស់អាជីវកម្មទាំងខ្មែរ និងបរទេសដែលកំពុងសាងប្រាក់វាល់លានដុល្លារអាមេរិកពីមុខជំនួញរបស់ខ្លួននៅកម្ពុជាជាង ១ពាន់នាក់ទទួលបានគោរមងារឧកញ៉ា អ្នកឧកញ៉ា ដែលព្រះមហាក្សត្រប្រទានជាសក្ខីភាពបញ្ជាក់ពីក្រមសីលធម៌ និងការបរិច្ចាគទ្រព្យធនគិតជាថវិកាលើសពី ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ក្នុងនោះសង្កេតឃើញថា ឧកញ៉ា អ្នកឧកញ៉ា ជាច្រើនរូបតែងតែបង្ហាញទ្រព្យសម្បត្តិដែលពួកគេបានខិតខំប្រឹងប្រែងសន្សំពេលកន្លងមក ដូចជា ភូមគ្រឹះដ៏ស្កឹមស្កៃ វីឡារាប់ខ្នង ដីរាប់ហិចតា រថយន្តស៊េរីទំនើបថ្មីៗល្បីលើពិភពលោកសុទ្ធតែពួកគេមានស្ទើរគ្រប់ៗគ្នា។
យ៉ាងណាក៏ដោយចុះ សារព័ត៌មានឧកញ៉ាញូស៍ បានព្យាយាមទាក់ទៅអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា រួមនឹងក្រុមហ៊ុនល្បីឈ្មោះខាងនាំចូល និងផ្តល់សេវាកម្មឧទ្ធម្ភាចក្រ មិនបានបង្ហាញបញ្ជីឈ្មោះឧកញ៉ា អ្នកឧកញ៉ាកំពុងរកស៊ីនៅកម្ពុជា ក្នុងចំណោមជាង ១ពាន់នាក់នោះ ជិះឧទ្ធម្ភាចក្រផ្ទាល់ខ្លួនចំនួនប៉ុន្មាននាក់នោះទេ។
ទន្ទឹមនឹងនោះ ឧកញ៉ា អ្នកឧកញ៉ាដែលកំពុងមានឧទ្ធម្ភាចក្រជិះនោះក៏មិនទាន់មានលទ្ធភាពប្រើប្រាស់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនឲ្យបានទូលំទូលាយនៅឡើយទេ។ ខណៈបុគ្គលផ្សេងទៀតមិនមានលទ្ធភាពទិញឧទ្ធម្ភាចក្រ បើទោះពួកគេមានអ្វីៗគ្រប់យ៉ាងក៏ដោយចុះ។
ដំណឹងមិនច្បាស់ការមួយបង្ហើបប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា ស្ថិតក្នុងចំណោមឧកញ៉ា អ្នកឧកញ៉ាជាង ១ពាន់នាក់ទទួលបានងារពីព្រះមហាក្សត្រកម្ពុជា មានមិនដល់ ១៥នាក់នោះទេប្រើនូវឧទ្ធម្ភាគចក្រ ឬអេឡេកូ សម្រាប់ដំណើរការអាជីវកម្ម និងធ្វើដំណើរផ្ទាល់ខ្លួន។ ទោះជាបែបនេះក្តី ការដែលមិនសម្បូរមានឧកញ៉ា អ្នកឧកញ៉ាទិញឧទ្ធម្ភាចក្រជិះ ទំនងដោយសារតម្លៃខ្ពស់កប់ពពកដែលឧត្ថម្ភាកចក្រ ១គ្រឿងមានតម្លៃទាបបំផុត ក៏ប្រមាណជាង ៣លានដុល្លារអាមេរិកដែរ។
ប្រភពដដែលបន្តថា កន្លងមកឃើញមានឧកញ៉ា អ្នកឧកញ៉ាមិនច្រើនទេទិញឧទ្ធម្ភាចក្រ តែក៏មានឧកញ៉ា អ្នកឧកញ៉ាមួយចំនួនពួកគេបានទិញរួចមកហើយដែរ ដូចជា អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរី ពិភពថ្មី អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ុយ៉ាល់ គ្រុប ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប លោកជំទាវអ្នកឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នកឧកញ៉ា លី យ៉ុងផាត់ ម្ចាស់ផ្សារបោះដុំម៉ាក្រូ និងស្ថានីយទូរទស្សន៍ PNN និងអ្នកឧកញ៉ា ចេន ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ជាដើម។
ខណៈកាលពីឆ្នាំ២០២១កន្លងទៅ ម្ចាស់សម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ត្រូវម្តាយ និងស្ថាបនិកក្រុមហ៊ុន ជីបម៉ុង បានបញ្ជាទិញឧទ្ធម្ភាចក្រម៉ូដែល Bell 429 ពីក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក ឈ្មោះ Textron Inc. ។
ចំពោះតម្លៃជាក់លាក់ពេលដឹកមកដល់កម្ពុជា មិនទាន់មានប្រភពណាបញ្ជាក់ច្បាស់នៅឡើយទេ តែសម្រាប់តម្លៃនៅសហរដ្ឋអាមេរិចឧទ្ធម្ភាគចក្រ Bell 429 ស៊េរីឆ្នាំ ២០២១ មានចាប់ពី ៧,៥លានដុល្លារឡើង។
ការបញ្ជាទិញឧទ្ធម្ភាគចក្រ Bell 429 ដ៏ទំនើបនេះត្រូវបានអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បញ្ជាក់ថា៖ «ដើម្បីបម្រើតម្រូវការនៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងរីកលូតលាស់ទៅមុខឥតឈប់ឈររៀងរាល់ថ្ងៃ»។
លើសពីនេះទៅទៀត សារព័ត៌មានឧកញ៉ាញូស៍ ទទួលបានព័ត៌មានក្រៅផ្លូវការមួយថា អ្នកជំនួញវ័យក្មេងកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកវិស័យអចលនទ្រព្យ និងផលិតកម្មកម្សាន្ត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គ្រោងបញ្ជាទិញឧទ្ធម្ភាចក្រមួយគ្រឿងដែរ សម្រាប់បំរើក្នុងដំណើរអាជីវកម្ម។ ខណៈអ្នកឧកញ៉ាបច្ចុប្បន្នកំពុងបើកគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនៅតំបន់សក្តានុពលតាមបណ្តាខេត្តមួយចំនួន។
សារព័ត៌មានឧកញ៉ាញូស៍ ជាកន្លែងផ្តល់ព័ត៌មានជុំវិញឧកញ៉ា អ្នកឧកញ៉ា អ្នកជំនួញ ស៊ីជម្រៅផ្លូវការ និងផ្សាយពីសេដ្ឋកិច្ច ពាណិជ្ជកម្ម សហគ្រិនភាព ប្រកបដោយក្រមសីលធម៌ គុណភាព និងវិជ្ជាជិវៈ នឹងបន្តរាយការណ៍ជូនប្រិយមិត្តបន្តនៅពេលទទួលបានដំណឹងថ្មីពីក្រុមឧកញ៉ា អ្នកឧកញ៉ាបញ្ជាទិញឧទ្ធម្ភាចក្រមកជិះផ្ទាល់ខ្លួន និងដំណើរការអាជីវកម្ម៕