មិនដល់ ៤ឆ្នាំផង ធនាគារ ជីប ម៉ុង ស្នើសុំដាក់ដើមទុនចុះបញ្ជីសរុបចំនួន ១១៥លានដុល្លារនៅធនាគារជាតិ

ជុំវិញ​ឧកញ៉ា

ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក កាលពីពេលថ្មីៗនេះ ទើបតែទទួលបានការអនុម័តយល់ព្រមពីធនាគារជាតិ នៃកម្ពុជា ក្នុងការដាក់ស្នើដើមទុនចុះបញ្ជីចំនួន ១០លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យដើមទុនចុះបញ្ជីកើនរហូតដល់ ១១៥លានដុល្លារអាមេរិក ក្នុងប្រតិបត្តិការរយៈពេល ៣ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើមទុនទាំងនេះនឹងជួយឱ្យធនាគារ ជីប ម៉ុង បន្តអភិវឌ្ឍន៏ និងវិនិយោគបន្ថែមលើផលិតផល និងសេវាកម្ម ក៏ដូចជាឆ្លើយតបទៅនឹងកំណើនអតិថិជនដែលប្រើប្រាស់ធនាគារ ជីប ម៉ុង។

គិតត្រឹមខែកុម្ភៈនេះ ធនាគារ ជីប ម៉ុង មានសាខាសរុបចំនួន ១៣ ខណៈ ១០សាខាស្ថិតនៅទីក្រុងភ្នំពេញ និង៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។ ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង ក៏គ្រោងនឹងពង្រីកសាខាជាបន្តបន្ទាប់។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិកធនាគារ ជីប ម៉ុង ថ្លែងថា៖ “ធនាគារ ជីប ម៉ុង ជាធនាគារមួយដែលយើងគិតពីយុទ្ធសាស្រ្តវែងឆ្ងាយ។ អ្នកឧកញ៉ាបានពន្យល់យ៉ាងថា ហេតុអ្វីបានយើងប្រើពាក្យជាយុទ្ធសាស្រ្តវែងឆ្ងាយ ដោយសារជាទូទៅធនាគារដើមទុនតែ ៧៥លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកឯ ធនាគារ ជីប ម៉ុង មកដល់ថ្ងៃនេះដើមទុនកើនឡើង ១១៥លានដុល្លារអាមេរិក“។

អ្នកឧកញ៉ាបញ្ជាក់ថា៖ “ម្ចាស់ភាគហ៊ុនទាំងអស់ដែលចំពោះមុខគឺពួកគាត់មានទំនួសខុសត្រូវខ្លាំង ហើយគាត់ជឿជាក់ថានឹងធ្វើឲ្យធនាគារ ជីប ម៉ុង ល្បីឈ្មោះដូចធនាគារនៅប្រទេសជិតយើងដែរ”

ធនាគារ ជីប ម៉ុង ជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលវិនិយោគដោយលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិកធនាគារ ជីប ម៉ុង និងលោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ធនាគារ ជីប ម៉ុង បានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការ។ បេសកកម្មរបស់ ធនាគារ ជីប ម៉ុង គឺផ្តល់ដំណោះស្រាយខាងសេវាធនាគារល្អបំផុតលំដាប់ពិភពលោក ចំណាយតិច ប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះ ធនាគារ ជីប ម៉ុង ក៏ផ្តោតជាសំខាន់សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ និងសម្រាប់ពលរដ្ឋកម្ពុជាផងដែរ៕