រដ្ឋមន្ត្រីឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋានៅកោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើការវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ នៅត្រីមាសទី ៣ នៃឆ្នាំ ២០២២ នេះ ។
ជាក់ស្តែង ក្រុមហ៊ុនដែលទទួលសិទ្ធិតំឡើងទូរស័ព្ទ iPhone មួយនេះ នឹងសាងសង់រោងចក្រថ្មីមួយ នៅលើផ្ទៃដី ២០០ ហិកតា ក្នុងតំបន់ឧស្សាហកម្មមួយ នៅទីក្រុង Batang ក្នុងខេត្ត Central Java ដើម្បីផលិតអាគុយ និងគ្រឿងបន្លាស់ បន្ថែមលើរថយន្ត ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Foxconn កាលពីខែមុន បាននិយាយថា ខ្លួននឹងចាប់ដៃគូជាមួយក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនផ្សេងទៀត សម្រាប់វិសាលភាព នៃការវិនិយោគទៅលើវិស័យរថយន្តអគ្គិសនី រួមទាំងការផលិតអាគុយផងដែរ ។
ហើយយ៉ាងណាភាពជាដៃគូនោះ ត្រូវបានគេរាយការណ៍ថា មានការចូលរួមពីសាជីវកម្មអាគុយរបស់ឥណ្ឌូនេស៊ី ដែលជាកម្មសិទ្ធិរបស់រដ្ឋ , ក្រុមហ៊ុនថាមពល PT Indika Energy និងក្រុមហ៊ុនម៉ូតូអគ្គិសនីតៃវ៉ាន់ Gogoro ផងដែរ ។
បញ្ជាក់ផងដែរថា Foxconn បានធ្វើការពង្រីកសកម្មភាពក្នុងវិស័យ EV សម្រាប់រយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយពួកគេថែមទាំងបានប្រកាសអំពីកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Startup របស់អាមេរិក Fisker Inc និងក្រុមហ៊ុនថាមពលរបស់ថៃ PTT ផងដែរ ៕
ប្រភព: CNA