សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១០កុម្ភៈនេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមសម្តេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះនឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
សម្តេចបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល ខ្ញុំនឹងជួបជាមួយលោក មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
ទន្ទឹមនឹងនោះដែរ សម្តេចនឹងមានជំនួបជាមួយលោក បាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។
យ៉ាងណា មុនឈានជើងចាកចេញពីកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
សម្ដេចបញ្ជាក់បន្ថែមថា សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា៕