កាលពីពេលថ្មីៗនេះ មហាសេដ្ឋីម៉ាឡេស៊ីលោក Francis Yeoh និងបងប្អូនរបស់លោកបានលក់ចំណែកភាគហ៊ុននៃក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ElectraNet នៅប្រទេសអូស្ត្រាលីទៅឲ្យក្រុមហ៊ុន Australian Utilities ប្រមាណ ៣៣,៥% ជាមួយតម្លៃប្រមាណ ៣ ពាន់លានរីងហ្គីត ឬប្រមាណ ៧១៧ លានដុល្លារ។
ទឹកប្រាក់ដែលបានមកពីការលក់ភាគហ៊ុនខាងលើ គឺនឹងយកទៅអភិវឌ្ឍន៍គម្រោងថ្មី ពោលគឺបង្កើតកសិដ្ឋានផលិតថាមពលសូឡា ដើម្បីបង្កើតជាថាមពលអគ្គិសនីក្នុងទំហំប្រមាណ ៥០០ មេហ្កាវ៉ាត់នៅ Kulai Young Estate នៅភាគខាងត្បូងនៅប្រទេសម៉ាឡេស៊ី។
កសិដ្ឋានមួយនេះគឺនឹងសាងសង់នៅចំងាយប្រមាណ ៦០ គីឡូម៉ែត្រពីភាគខាងត្បួងនៃប្រទេសសិង្ហបុរី ដែលជាទីផ្សារធំចំបងរបស់ YTL Power ខណៈក្រុមហ៊ុនមួយនេះគឺកាន់កាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនីជាច្រើនរាប់ទាំងនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីផង ស្របពេលពួកគេក៏មានអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅចក្រភពអង់គ្លេសថែមទៀត។
បញ្ជាក់ដែរថា ក្រុមហ៊ុនមួយនេះគឺបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីឯករាជ្យនៅប្រទេសម៉ាឡេស៊ី និងជាចំណែកមួយនៃក្រុមហ៊ុនយក្ស YTL Corp.,។ បច្ចុប្បន្នលោក Yeoh មានទ្រព្យសម្បត្តិប្រមាណ ១,២៥ ពាន់លានដុល្លារជាប់ឈ្មោះជាបុគ្គលមានបំផុតទី ១៧ នៅបញ្ជីអ្នកមានបំផុតនៅម៉ាឡេស៊ីទាំង ៥០ រូបរៀបរៀងដោយ Forbes៕
ប្រភព: Forbes