ឆ្នាំ២០២១ គយ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារអាមេរិក ថយចុះ ៥.១% ធៀបនឹងឆ្នាំទៅមិញ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២១ ប្រមូលចំណូលបានចំនួន ៩,២៩៥.៧ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាមេរិក ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ នៅថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានបង្ហាញថា បើគិតតាមពន្ធអាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល ត្រូវជា ៣៧.៩% នៃចំណូលសរុប ខណៈអាករពិសេសមានចំនួន ៣,៥១៣ ប៊ីលានរៀល ត្រូវជា ៣៨.៨%នៃចំណូលសរុប។

ជាមួយគ្នានេះ ពន្ធគយមានចំនួន ១,៦៧១.៦ ប៊ីលានរៀល ត្រូវជា ១៨% នៃចំណូលសរុប អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល ត្រូវជា ៤.៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល ត្រូវជា ២.០% នៃចំណូលសរុប។

ដោយឡែក ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ ប៊ីលានរៀល ត្រូវជា ៤៣% នៃចំណូលសរុប ទំនិញចម្រុះមានចំនួន ២,៥៧៩.៤ ប៊ីលានរៀល ត្រូវជា ២៧.៨% នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ២,១៥៧.១ ប៊ីលានរៀល ត្រួវជា ២៣.២% នៃចំណូលសរុប និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០.៤ ប៊ីលានរៀល ត្រូវជា ៦.០% នៃចំណូលសរុប៕