បញ្ចប់ថ្នាក់វិទ្យាល័យ យុវតី​មួយ​រូប​ជ្រើសរើស​ជំនាញ​អក្សរសាស្រ្តខ្មែរ ចូលរួម​ថែរក្សា​​វប្បធម៌​ លើកស្ទួយ​​អត្តសញ្ញាណ​ជាតិ

សង្គម​ និង​សេដ្ឋកិច្ច

យុវតីវ័យក្មេងម្នាក់ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យបានសម្រេចចិត្តជ្រើសរើសជំនាញអក្សរសាស្រ្តខ្មែរ បន្ទាប់ពីស្វែងយល់ពីបញ្ហា​​និងដឹង​ពី​គុណ​តម្លៃ​នៃ​ការ​សិក្សាជំនាញ​មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុវតី​ រ៉េត សុកធា មានវ័យ២០ឆ្នាំ ដែលមានទីលំនៅនៅខេត្តពោធិ៍សាត់បានឲ្យ​ដឹង​ថា ការ​សម្រេចចិត្តសិក្សាជំនាញ​អក្សរសាស្រ្តខ្មែរ ដោយសារ​មើលឃើញថាមាន​​យុវជន​ជាច្រើនហាក់​មើល​រំលង​មុខជំនាញសង្គម​មួយ​នេះ​ ខណៈ​អក្សរសាស្រ្តក៏ជា​ផ្នែកមួយនៃ​វប្បធម៌​និង​អត្តសញ្ញាណ​ជាតិ ដែលគ្រប់គ្នា​ត្រូវ​មាន​ចំណែកក្នុង​ការ​ថែរក្សា​និង​ស្វែងយល់។

ខណៈ​កំពុង​សិក្សា​ឆ្នាំទីពីរ​នៅ​សកលវិទ្យាល័យពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ សុកធា ​មាន​ក្តី​រំភើបនៅពេលចូលដល់ក្នុងថ្នាក់ដែលនាង​សិក្សា​ជាមួយ មាន​និស្សិតជាច្រើនដែលមានចំណង់ចំណូលចិត្តរៀនមុខជំនាញនេះដូចនាងដែរ។

បើ​តាម​យុវតី​រូប​នេះ ចំពោះមុខជំនាញអក្សរសាស្រ្តខ្មែរ​គឺទាមទារឱ្យនិស្សិតទាំងអស់ប្រឹងប្រែងសិក្សាររៀនសូត្រឱ្យច្បាស់អំពីឫសគល់នៃពាក្យ ឧស្សាហ៍អានឱ្យបានច្រើនព្រោះបើខ្វះការអានវាពិបាក។

សុកធា​បាន​បន្ត​ថា គ្រឹះដែលសំខាន់បំផុតរបស់អ្នកសិក្សាអក្សរសាស្រ្តខ្មែរគឺការអាន មើល គិត ពិចារណា មិនថាមុខវិជ្ជាមួយណាទេគឺត្រូវមានសុចិបុលិជានិច្ចគឺ​ត្រូវ​ចេះស្តាប់ គិត សួរនិង​កត់ត្រា​។ ចំពោះជំនាញនេះនាងអាចអភិវឌ្ឍន៍ខ្លួនព្រមទាំងជួយលើកស្ទួយ តាមរយៈការសរសេរផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនផ្សេងៗទៀត ដែលមានជំនាញផ្សេង។

ចំពោះគុណសម្បត្តិនៃការរៀនអក្សរសាស្រ្តខ្មែរបានស៊ីជម្រៅឬចេះស្ទាត់នោះ សុកធា​រំពឺង​ថា​អាចចាប់ជំនាញ​ក្លាយជាគ្រូបង្រៀនភាសាខ្មែរ អ្នកសារព័ត៌មាន អ្នកចងក្រងសៀវភៅ អ្នកនិពន្ធ បណ្ណាធិការ ពិធីករឬពិធីការនី អ្នករដ្ឋបាល មន្ត្រីក្របខ័ណ្ឌនៅតាមក្រសួងស្ថាប័ននានា ឬអាចក្លាយទៅជាអ្នកសរសេររឿង ឬប្រលោមលោក ឬជាអ្នកវិភាគសង្គមទូទៅផងដែរ។ បើនិយាយឱ្យមែនទែនទៅគឺមានគុណសម្បត្តិច្រើនព្រោះមែកធាងវា មានទាំងភាសាវិទ្យា សង្គមវិទ្យា ប្រវត្តិសាស្រ្ត និងអក្សរសិល្ប៍ជាដើម។

តែ​គុណវិបត្តិវិញក៏មាន​ខ្លះ​ដែរ សម្រាប់អ្នកសិក្សាអក្សរសាស្ត្រខ្មែរគឺខ្វះខាតឯកសារក្នុងកាសិក្សារស្រាវជ្រាវ ហើយការសិក្សាអក្សរសាស្រ្តនេះគឺទាមទារឱ្យអានសៀវភៅឱ្យច្រើន ដែលធ្វើឱ្យអ្នករៀនពិបាកខ្លះដែរ ពីព្រោះអក្សរសាស្ត្រខ្មែរមិនដូចមុខវិជ្ជា រូប គណិត គីមីទេដែលត្រូវមានរូបមន្តធ្វើនោះ។

ក្នុងនាមនាងជានិស្សិតអក្សរសាស្ត្រខ្មែរ យុវតី​កូនអ្នកពោធិ៍សាត់​រូប​នេះ​ក៏​អំពាវនាវ និងសំណូមពរដល់យុវជន​​ត្រូវ​ស្រឡាញ់ចូលចិត្តជំនាញមួយនេះខិតខំសិក្សារៀនសូត្រ ព្រោះថាការរៀនអក្សរសាស្ត្រមិនអាចចេះតែរៀនៗបាននោះទេ ទាល់តែស្រឡាញ់ មាននិស្ស័យ ហើយមានការតាំងចិត្តណាស់ទើបអាចរៀនបាន។ ម៉្យាងទៀតមិនមែនតែអក្សរសាស្ត្រខ្មែរទេរៀនអ្វីក៏ដោយ គ្រប់មុខជំនាញទាំងអស់គឺត្រូវផ្តោតហើយស្រឡាញ់ណាស់ ព្រោះអ្វីដែលត្រូវ​រៀនអត់ស្រឡាញ់ចូលចិត្តគឺពិបាកធ្វើចិត្តទទួលយកណាស់ ទាល់តែស្រឡាញ់ប្តូរផ្តាច់ ធ្វើម៉េចទាល់តែរៀនឱ្យស៊ីជម្រៅ ពិស្តារទើបយើងអាចទៅចាប់យកមុខជំនាញផ្សេងៗបាន៕