កម្ពុជា ត្រៀមបើកច្រកព្រំដែនអន្តរជាតិថ្មដា ស្របពេលអ្នកឧកញ៉ា ទ្រី ភាព បន្តបោះទុនរាប់រយលានដុល្លារអភិវឌ្ឍន៍នៅតំបន់នោះ

ជុំវិញ​ឧកញ៉ា

រដ្ឋាភិបាលកម្ពុជា នឹងបើកច្រកព្រំដែនអន្តរជាតិថ្មដា នៃ​ខេត្តពោធិ៍សាត់ ជាប់​ព្រំដែនជាមួយប្រទេសថៃឆាប់ៗខាងមុខនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងបើកច្រកទ្វារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ ដំណាលគ្នានឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។

សូមជម្រាបថា ច្រកទ្វារព្រំដែននេះមានទីតាំងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។

ការបើកច្រកព្រំដែនថ្មដានេះ ត្រូវបានគេមើលឃើញថា នឹងជួយសម្រួលសម្រាប់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ដែលផលិតក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ឬបន្ទាយមានជ័យជាដើម ឡើងទៅកាន់កំពង់ផែ ព្រោះនៅក្នុងខេត្តត្រាតមានកំពង់ផែទឹកជ្រៅ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនថ្មដានោះឡើយ។

ក្រុមហ៊ុនទ្រីភាពគ្រុប បានសហការជាមួយក្រុមហ៊ុនចិនបោះទុនរាប់រយលានដុល្លារអាមេរិក អភិវឌ្ឍន៍តំបន់ព្រំដែនដ៏ស្ងប់ស្ងាត់មួយនេះ។ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់សណ្ឋាគារប្រណិតមួយរួចហើយ ហើយកំពុងសាងសង់សណ្ឋាគារដ៏ធំមួយបន្ថែមទៀត ព្រមជាមួយការសាងសង់សំណង់លំនៅឋានផងដែរ។ តាមគម្រោងក្រុមហ៊ុននឹងបង្កើតជាទីលានវាយកូនហ្គោល ធ្វើជាកន្លែងកម្សាន្តបែបធម្មជាតិ និងបែបកសិទេសចរណ៍ផងដែរ។

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានមើលឃើញថា ការបង្កើតច្រកព្រំដែនថ្មដាឱ្យក្លាយទៅជាច្រកទ្វារអន្តរជាតិ នឹងរួមចំណែកធ្វើឱ្យតំបន់ព្រំដែនថ្មដាកាន់តែមានសភាពអ៊ូអរ ដោយមិនត្រឹមតែជាកន្លែងដោះដូរទំនិញនោះទេ តែអាចទាក់ទាញភ្ញៀវទេសចរពីខាងប្រទេសថៃឱ្យចូលលេងកម្សាន្តនៅតំបន់ថ្មដាផងដែរ។

បើតាមអ្នកឧកញ៉ា ទ្រី ភាព ខេត្តត្រាតជាខេត្តជាប់មាត់សមុទ្រហើយមានអ្នកទេសចរច្រើនទៅលេងខេត្តត្រាត ខណៈនៅតំបន់ថ្មដាជាតំបន់ទេសចរណ៍បែបធម្មជាតិ មានទាំងទឹកជ្រោះ និងសម្រស់ព្រៃភ្នំជាដើម អាចស្រូបទាញអ្នកទេសចរពីខាងខេត្តត្រាតឱ្យមកសម្រាកលំហែ និងលេងកម្សាន្តនៅតំបន់ថ្មដាកាន់តែច្រើន។

អ្នកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «ជារឿងប្រសើរណាស់ការបើកច្រកព្រំដែននេះទៅច្រកទ្វារអន្តរជាតិ។ ខ្ញុំមើលឃើញថា ការបើកច្រកនេះមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនចេញចូលរវាងប្រទេសទាំងពីរនោះទេ ក៏ប៉ុន្តែវានឹងទាក់ទាញអ្នកទេសចរទៅតំបន់ថ្មដាកាន់តែច្រើន ខណៈដែលយើងបានសាងសង់នូវសណ្ឋាគារ និងកន្លែងលេងកម្សាន្តត្រៀមទទួលអ្នកទេសចរទាំងនោះរួចហើយ»។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ាបានបង្ហាញការជឿជាក់ថា ការបើកច្រកព្រំដែនថ្មដាទៅជាច្រកអន្តរជាតិ នឹងរួមចំណែកធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយទៅជាខេត្តមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយក៏ជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ថ្មដាកាន់តែល្អប្រសើរ៕