ប្រធានក្រុមហ៊ុន Aston Martin Lagonda Global Holdings Plc លោក Lawrence Stroll បាននិយាយថា លោកនឹងព្យាយាមពង្រឹងតុល្យភាពនៃតារាងចំណូលចំណាយនៃរោងចក្រផលិតរថយន្តទំនើប Aston Martin ឲ្យបានល្អប្រសើរ ដោយចាប់ផ្ដើមពីការសងបំណុលទៅកាន់ម្ចាស់បំណុលមានការប្រាក់ខ្ពស់ជាមុនសិន។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Stroll ដែលធ្លាប់ជួយដោះស្រាយវិបត្តិក្រុមហ៊ុនដែលធ្លាប់ជួបបញ្ហាកាលពីឆ្នាំ ២០២០ នៅពេលជាប់គាំងក្នុងការរកចំណូល មានបំណងចង់ចរចាដល់ម្ចាស់បំណុលដែលមានការប្រាក់ខ្ពស់កប់ពពក។
“ខ្ញុំនឹងធ្វើការចរចាជាមួយម្ចាស់បំណុលម្ដងទៀត ដោយសុំបន្ធូរបន្ថយការប្រាក់ឲ្យមានភាពល្អជាងមុន ហើយក៏ប្រហែលជាដកប្រាក់ផ្ទាល់ខ្លួនមួយចំនួនសងទៅពួកគេខ្លះដែរ។ ក្រុមហ៊ុននឹងមានលំហូរសាច់ប្រាក់វិជ្ជមាននៅឆ្នាំ ២០២៣”។ នេះបើតាមសម្ដីដែល Stroll ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន។
គិតត្រឹមចុងត្រីមាសទី ៣ ឆ្នាំ២០២១ Aston Martin មានបំណុលប្រមាណ ៨០៩ លានផោន ឬ ១,១ ពាន់លានដុល្លារ ខណៈអត្រាការប្រាក់គឺរំពឹងថា នឹងមានរហូតដល់ ១៦៥ លានផោន ឬ ២២៣ លានដុល្លារនៅចុងឆ្នាំ ២០២១ ស្របពេលប្រធានក្រុមហ៊ុនខាងលើមានទ្រព្យសម្បត្តិសរុបប្រមាណជិត ៣ ពាន់លានដុល្លារ៕
ប្រភព: bnnbloomberg