Conor McGregor គឺជាកីឡាករក្បាច់គុនចម្រុះ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ប៉ុន្តែយ៉ាងណាតារាឆ្នើមរបស់ស្ថាប័ន UFC រូបនេះ មិនទាន់អាចហៅខ្លួនឯងថាជាមហាសេដ្ឋីបាននៅឡើយនោះទេ ។
ជាក់ស្តែង ដោយគិតត្រឹមឆ្នាំ ២០២១ McGregor ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបប្រមាណ ៤០០ លានដុល្លារ ខណ:កីឡាករសញ្ជាតិអៀរឡង់រូបនេះ ធ្លាប់បានជាប់នៅចំណាត់ថ្នាក់កំពូល ក្នុងបញ្ជីអត្តពលិក ដែលអាចរកចំណូលបានខ្ពស់បំផុត ប្រចាំឆ្នាំ ២០២១ របស់ទស្សនាវដ្តី Forbes ទៀតផង ។
បើយោងតាមការចុះផ្សាយពី The Notorious បានបង្ហាញថា McGregor អាចរកចំណូលបានរហូតដល់ទៅ ១៨០ លានដុល្លារ ក្នុងរយ:ពេលត្រឹម ១២ ខែ ដោយឈរនៅចំណាត់ថ្នាក់លើគេ ខណ:លេខ ២ បានទៅលើកីឡាករបាល់ទាត់កំពូល Lionel Messi រកចំណូលបាន ១៣០ លានដុល្លារ និងលេខ ៣ បានលើខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo រកចំណូលបាន ១២០ លានដុល្លារ ។
ជម្រាបផងដែរថា បើទោះបីជា McGregor អាចរកបានដ៏ច្រើនយ៉ាងនេះក្តី ប៉ុន្តែប្រាក់ចំណូលបានពីស្ថាប័ន UFC បានរួមចំណែកត្រឹមតែ ២២ លានដុល្លារប៉ុណ្ណោះ នៃទ្រព្យសម្បត្តិសរុប ដែលកីឡាកររូបនេះ រកបានបានកាលពីឆ្នាំមុន ។
គួរឱ្យដឹងថា McGregor រួមទាំងដៃគូអាជីវកម្មរបស់គេ បានលក់ភាគហ៊ុនមួយភាគធំ នៅក្នុងក្រុមហ៊ុន Proper No. Tewlve Irish Whisky ទៅឱ្យក្រុមហ៊ុន Proximo Sporits ក្នុងកិច្ចព្រមព្រៀមួយ ដែលតម្លៃរហូតដល់ទៅ ៦០០ លានដុល្លារ ខណ: McGregor ត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ចំណូលប្រមាណ ១៥៨ លានដុល្លារឯណោះ ពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ ៕
ប្រភព: Sportskeeda