ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១១ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើប្រទេសកូរ៉េផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីឲ្យកម្ពុជាបន្តសាងសង់ហេដ្ឋរចនាសម្ព័ន្ធនានា ជាពិសេស គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គតែម្តង។
បើតាមសម្តេចតេជោ ហ៊ុន សែន ការស្នើសុំឲ្យកូរ៉េផ្ដល់នូវជំនួយឥតសំណង និងកម្ចីសម្បទានក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ សម្ដេចគិតថា ស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ លោក Park Byeong-Seung សម្ដេចតេជោ មានសង្ឃឹមថា លោក Park Byeong-Seung នឹងជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតវាពេលខាងមុខ។
ឆ្លើយតបសំណើរស្នើឲ្យផ្តល់ជំនួយពាក់ព័ន្ធទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅកម្ពុជា ប្រធានរដ្ឋសភាកូរ៉េសន្យាថានឹងខិតខំជំរុញការងារនេះ ហើយនឹងអាចធ្វើយ៉ាងណាឲ្យមានការចុះកុងត្រា ឆាប់ៗនាពេលខាងមុខនេះ។
គួររម្លឹកជូនថា លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែមករាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឱ្យតំបន់នោះ ក្លាយជាទីក្រុងរណប នៅពេលខាងមុខ។
ដោយឡែក ទាក់ទងទៅនឹងការវិនិយោគ លោក Park Byeong-Seung បានលើកឡើងថា កម្ពុជា និងកូរ៉េ គឺជាដៃគូដ៏ល្អជាពិសេស ស្របពេលដែលកម្ពុជាមានការកែសម្រួលច្បាប់វិនិយោគថ្មី ដូចជា ច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ វាពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។
បើតាមប្រធានសភាជាតិកូរ៉េ បានបង្ហាញថា នៅឆ្នាំ២០២១កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរវាងប្រទេសងទាំងពីរ មានប្រមាណជា ១ពាន់លានដុល្លារ ហើយលោកសង្ឃឹមថា នាពេលខាងមុខនឹងមានការកើនឡើងបន្ថែមទៀត៕