កាលពីថ្ងៃសុក្រកន្លងទៅ មហាសេដ្ឋី Rick Caruso បានប្រកាសថា លោកនឹងបោះជំហានលើវិស័យនយោបាយ ដោយសង្ឃឹមថានឹងបានក្លាយជាអភិបាលក្រុង Los Angeles នៅក្នុងអាណត្តិថ្មី ខណៈបច្ចុប្បន្នតំណែងមួយនេះកំពុងគ្រប់គ្រងដោយលោក Eric Garcetti។
បុរសវ័យ ៦៣ ឆ្នាំបានប្រកាសនៅតាមបណ្ដាញសង្គម Twitter ថា ទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតប្រចាំប្រទេសមួយនេះ នឹងមានការផ្លាស់ប្ដូរចំពោះបញ្ហាឧក្រិដ្ឋកម្ម និងវិបត្តិគ្មានផ្ទះសម្បែង ស្របពេលលោកបានដាក់ឯកសាររួចស្រេចសម្រាប់ការឈរឈ្មោះជាបេក្ខភាពអភិបាលក្រុង។
ជាក់ស្ដែង ស្ថានការណ៍បច្ចុប្បន្ននៅទីក្រុង LA កំពុងមានសភាពគួរឲ្យបារម្ភខ្លាំង ដោយសារអត្រាប្រជាជនគ្មានផ្ទះសម្បែងមានការកើនឡើងខ្លាំង ដែលធ្វើឲ្យការបោះតង់នៅតាមទីសាធារណៈកាន់តែមានច្រើន ស្របពេលករណីឆក់ប្លន់ក៏កើតមានច្រើនដូចគ្នា ដោយសារអស្ថិរភាពពីការបិទប្រទេសរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។
ដោយឡែក ការបោះឆ្នោតជាបឋមនឹងធ្វើឡើងនៅថ្ងៃទី ០៧ មិថុនាខាងមុខ ស្របពេលមហាសេដ្ឋីមានទ្រព្យជាង ៤ ពាន់លានដុល្លាររូបនេះ នឹងឈរឈ្មោះជាបេក្ខភាពនៃបក្សប្រជាធិបតេយ្យ។
បញ្ជាក់ យោងតាមកំណត់ត្រារបស់អាជ្ញាធរ Los Angeles បានឲ្យដឹងថា Caruso ធ្លាប់ជាអ្នកគាំទ្របក្សសាធារណរដ្ឋយូរណាស់មកហើយ តែបានងាកទៅគាំទ្របក្សប្រជាធិបតេយ្យវិញនៅខែធ្នូ ឆ្នាំ ២០១១ ប៉ុន្តែរំលងបាន ៥ ឆ្នាំលោកបានត្រឡប់មកជាអ្នកគាំទ្របក្សសាធារណរដ្ឋម្ដងទៀត និងចុងក្រោយបង្អស់បានប្រកាសមកជាអ្នកគាំទ្របក្សប្រជាធិបតេយ្យដើម្បីឈរឈ្មោះជាបេក្ខភាពអភិបាលក្រុង LA អាណត្តិថ្មី៕
ប្រភព: federalnewsnetwork