សម្តេច ហ៊ុន សែន៖ ការបែកបាក់ឧបទ្វីបកូរ៉េ គឺជាកេរដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េរងគ្រោះដោយនយោបាយមហាអំណាច

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព ហៅកាត់ ISCP ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ នៅទីក្រុងសេអ៊ូល នាព្រឹកថ្ងៃអាទិត្យ ទី១៣ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គូសបញ្ជាក់ថា ការបែកបាក់ឧបទ្វីបកូរ៉េ គឺជាកេរដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បន្តថា ជាអកុសល មហាអំណាច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ ក្នុងការប្រកួតប្រជែង និងការព្យាករអំណាចរបស់ពួកគេ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ដែលទើបតែទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ថ្មីៗនេះ បានលើកឡើង ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ដ្រ មុនៗមិនទទួលបានជោគជ័យ ដែលទាមទារឱ្យមានភាពក្លាហាន ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន។

ជុំវិញបញ្ហាដ៏តាងតឹងជាច្រើនទសវត្សរ៍មកនេះ ប្រមុខដឹកនាំកម្ពុជា ចង្អុលបង្ហាញនូវគោលការណ៍មួយចំនួន ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ គឺការទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយត្រូវតែធ្វើដំណើរការផ្សះផ្សាបន្តិចម្ដងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរក៏នឹងត្រូវធ្វើឡើងនាដំណាក់កាល។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារសំខាន់បំផុត។

ទន្ទឹមនឹងនេះ ការដាក់សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាពនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ ។ សម្តេច ហ៊ុន សែន បញ្ជាក់ថា។

ទោះជាបែបនេះក្តី សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានរំលេចផងដែរនូវការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ។ សម្តេចបន្ថែមថា ការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់តែខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្តនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ។

លើសពីនេះទៅទៀត ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្តែងជាប្រចាំពីអ្នកចរចាសន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់, មិនមានភាព-ចម្រូងចម្រាស, មិនសូវរសើប និងជាក់ស្តែង។

នៅក្នុងសន្ទរកឋាគន្លឹះនាព្រឹកនេះ សម្តេច ហ៊ុន សែន បានស្នើនូវគំនិតផ្ដួចផ្តើម«រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» សម្រាប់ជាទស្សនទានមួយឆ្ពោះទៅការបញ្ចប់សង្គ្រាម ឬភាពតាន់តឹងនៅឧបទ្វីបកូរ៉េ៕