ក្រសួងសេដ្ឋកិច្ចថា យន្តការ​ដេញ​ថ្លៃ​នាំ​ចូល​គឺក្នុងករណីដែលកង្វះខាតជ្រូកក្នុងស្រុកតែប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថ ជាថ្មីម្តងទៀត ចេញមកបញ្ជាក់ពីយន្តការ​ដេញ​ថ្លៃ​នាំ​ចូល​ជ្រូក​រស់​មក​ផ្គត់ផ្គង់​ក្នុងទីផ្សារ​កម្ពុជា​ គឺ​សម្រាប់​​ការពារ​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ អ្នក​បរិភោគ​សាច់​ជ្រូក​ និង​បង្កើត​ការ​ប្រកួតប្រជែង​ដោយ​តម្លាភាព ​ព្រម​ទាំង​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​តម្លៃ​សមរម្យ ប៉ុណ្ណោះ។​ ការ​ចេញមកបញ្ជាក់​នៅពេល​នេះ​ ​បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​ច្រាន​ចោល​នូវ​សំណើសុំ​ផ្អាក​ការ​រៀបចំ​នីតិ​វិធី​ដេញ​ថ្លៃ​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅ​ប្រទេស​ របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ។

តាមរយៈលិខិតចំនួន ២ទំព័រក្រសួងសេដ្ឋកិច្ច បានអះអាងថា គោលការណ៍ដាក់ដេញថ្លៃដែលត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានកង្វះខាតជ្រូកក្នុងស្រុកតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ពេលថ្មីៗនេះ ក៏បានធ្វើញត្តិគាំទ្រនូវក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជម្រុញនិងបង្កើនលើវិស័យចិញ្ចឹមសត្វឲ្យមានភាពរីកចម្រើន។ ទន្ទឹមនឹងនេះ សមាគមក៏បានច្រានចោលការដាក់ដេញថ្លៃការនាំចូលជ្រូករស់ពីប្រទេសជិតខាងផងដែរ។

យ៉ាងណា ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់បន្ថែមថា ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលជួបបញ្ហាខ្វះខាតនេះបាន គឺត្រូវផ្អែកទៅលើយន្តការអនុវត្តរបស់ក្រសួងកសិកម្មដូចជា  កំណត់កូតានៃបរិមាណនាំចូល កំណត់គុណវុឌ្ឍិនៃក្រុមហ៊ុននាំចូល និងធ្វើការដេញថ្លៃដោយតម្លាភាព។

លើសពីនេះ ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ដែរថា ក្រសួងកំពុងរៀបចំវិធានការជាក់លាក់ពាក់ព័ន្ធនឹងថ្លៃអគ្គីសនី ចំណី ពូជ ជីវសុវត្ថិភាព ដើម្បីកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹម និងលុបបំបាត់ការនាំចូលជ្រូករស់ពីក្រៅប្រទេស សំដៅធ្វើយ៉ាងណាឱ្យអ្នកចិញ្ចឹមក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ៕