កម្ពុជា ស្នើឲ្យកាណាដា ពិចារណាពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលកំពុងវិនិយោគនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលពីសប្តាហ៍កន្លងទៅ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការរៀបចំជំនួបពាណិជ្ជកម្មរវាងអ្នកវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។ លើសពីនេះ កម្ពុជាក៏បានធ្វើកំណែទម្រង់ និងកសាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។
សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជាបាននាំចេញទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២១។
លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រវិនិយោគិនកាណាដាដែលកំពុងវិនិយោគនៅកម្ពុជា ជាក់ស្ដែង ធនាគារ ABA បានស្ថិតក្នុងលំដាប់ទី៣ នៃធរនាគារនាំមុខគេនៅកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រង Manulife វិញ ក៏បានទទួលអាជ្ញាប័ណ្ណ និងចែករំលែកចំណេះជំនាញរបស់ខ្លួនដល់កម្ពុជាផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើឡើង ជាពិសេសការជួយសម្របសម្រួលដល់ធុរជនរបស់ប្រទេសកាណាដា ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
ជាការឆ្លើយតបជំវិញសំណើរបស់កម្ពុជានេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរបស់កម្ពុជាជាមួយកាណាដា និងកម្ពុជាជាមួយអាស៊ាន។
លោកស្រីបានថ្លែងថា កាណាដានឹងជំរុញការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នាជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រីឯកអគ្គរដ្ឋទូត សន្យាថានឹងយកសំណើទាំងនេះទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ CTIF៕