រាជធានីភ្នំពេញ និងទីក្រុង Metz របស់បារាំង គ្រោងនឹងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នានៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្រេចជាឯកច្ឆ័ន្ទ។ នេះបើតាមជំនួបរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ អភិបាលក្រុងម៉េស Metz នៃប្រទេសបារាំង នៅក្រុងភ្នំពេញ កាលពីពេលកន្លងទៅ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចពិភាក្សាការងារចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Metz នឹងរាជធានីភ្នំពេញ គឺដើម្បីបានផ្លាស់ប្ដូរបទពិសោធការងារមួយចំនួន បង្កើនទំនាក់ទំនងល្អរវាងទីក្រុងនឹងទីក្រុង ដើម្បីជំរុញឱ្យវិស័យវប្បធម៌ ទេសចរណ៍ និងវិស័យសំខាន់ៗមួយចំនួនកាន់តែល្អប្រសើរឡើង។
បើតាមលោក ឃួង ស្រេង រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយនិងទីក្រុងជាច្រើន នៅក្នុងនោះមានទាំងទីក្រុងប៉ារីស ទីក្រុងនៅប្រទេសជប៉ុន ទីក្រុងនៅសហរដ្ឋអាមេរិក ទីក្រុងនៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។
លោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ អភិបាលក្រុងម៉េស Metz លើកឡើងថា កម្ពុជានឹងប្រទេសបារាំង គឺជាប្រទេសដែលជាមិត្តភក្កិដ៏ស៊ីជម្រៅជាយូរមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ការធ្វើទំនាក់ទំនងរវាងទីក្រុងនិងទីក្រុង វានឹងធ្វើឲ្យកាន់តែស្គាល់គ្នាបានច្បាស់ ទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ពង្រីកបាននូវវប្បធម៌ ការអប់រំ បរិស្ថានទឹកស្អាតនិងគមនាគមន៍ជាដើម។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា៖ “ទីក្រុងយើងទាំងពីរនិងចងសម្ព័ន្ធមេត្រីភាពនឹងគ្នានាពេលដ៏ខ្លីខាងមុខនេះ”។
គួររម្លឹកថា រាជធានីភ្នំពេញ ជាទីក្រុងរាជធានីដ៏សំខាន់តែមួយគត់របស់កម្ពុជា ដែលហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មធំៗ៕