ឧត្តមសេនីយ៍ផ្កាយមាស៣ ឧកញ៉ា ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ក្នុងសំណុំរឿង «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ នេះបើតាម លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឧកញ៉ា ឌួង ងៀប កាលពីថ្ងៃទី៧ ខែមករា បាននិយាយក្នុងវីដេអូបង្ហោះលើបណ្ដាញហ្វេសប៊ុករបស់លោកថា បន្ទាប់ពីមានការចោទប្រកាន់ លោកបានអង្វរតុលាការឱ្យជួយ ដោយសម្អាងថា លោកមិនដែលបោកអ្នកណាសូម្បីតែមួយរៀល។ ប៉ុន្តែលោកថា ពេលលោកទៅតុលាការម្ដងៗ លោកត្រូវបង់លុយឱ្យមន្ត្រីតុលាការរហូត ទោះបីលោកមិនមានកំហុសក៏ដោយ ដែលការណ៍នេះ លោកថាលោកទ្រាំលែងបាន ហើយលុយក៏អស់ដែរ។
ឧកញ៉ា ឌួង ងៀប បានគូសបញ្ជាក់ថា៖ «ខ្ញុំទ្រាំជាមួយចៅក្រមលែងបានហើយ ពេលនេះខ្ញុំអស់លុយហើយ ខ្ញុំគ្មានលុយឯណាឱ្យចៅក្រមតទៅទៀតទេ»។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ឧកញ៉ា ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIH YU YEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបានប្រគល់ប្រាក់ថ្ងៃដីគ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ។
អ្នកនាំពាក្យបានបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់នេះ ឈ្មោះ ឌួង ងៀប បានចេញមូលប្បទានប័ត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០$ ទៅឲ្យដើមបណ្តឹង រដ្ឋប្បវេណី។ បន្ទាប់មក ដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានប័ត្រទាំង៣សន្លឹកនោះទៅបើកប្រាក់នៅធនាគារ ប៉ុន្ដែខាងធនាគារបញ្ជាក់ថា មួលប្បទានប័ត្រទាំង៣សន្លឹកនោះគ្មានសាច់ប្រាក់ទេ។
សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង និងសួរចម្លើយជនត្រូវចោទឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវ ឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៥,០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទពុំបានយកប្រាក់ធានាខ្លួននេះ មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ។
ក្រោយមកជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕