ក្រសួងសេដ្ឋកិច្ច បានបញ្ចេញថវិកា ១០០លានដុល្លារ ទៅឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចំនួន៥០លានដុល្លារ និងធនាគារសហគ្រាសធុនតូច និងធម្យ SME Bank ចំនួន ៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទ ទី១៤ កុម្ភៈនេះ បានបញ្ជាក់ថា «ថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ»។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។
ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួម ដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។
ជាក់ស្តែង សហគ្រាសធុនតូច និង មធ្យមមានប្រមាណ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា៕