ខុនដូ ដឺភូមិ អេមើរ៉លដ៍ (The Bhumi Emerald) កម្ពស់ ២៤ ជាន់ ដែលស្ថិតនៅខាងលិចផ្សារទួលទំពូង ក្រោមទុនវិនិយោគ ១០ លានដុល្លារ បានរំលេចរូបរាងខ្ពស់ជ្រងោមើលឃើញពីគ្រប់ទិសជុំវិញ។
ខុនដូ ដឺភូមិ អេមើរ៉លដ៍ មានទីតាំងស្ថិតនៅដីឡូត៍លេខ ៧៣ ផ្លូវលេខ ៤៤៤ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដឺភូមិ អេមើរ៉លដ៍ មានបន្ទប់ស្នាក់នៅសរុបចំនួន ៤៧ យូនីត (មានទំហំចាប់ពី ៦០-១៦០ ម៉ែត្រការ៉េ)។ ខុនដូនេះមានចំណតរថយន្តចាប់ពីជាន់ ទី១-៤ ចំណែកជាន់ ទី១៥ គឺជាកន្លែងសម្រាប់ហាត់ប្រាណ។
ចាយទុនវិនិយោគជាង ១០ លានដុល្លារនេះ គម្រោងអាគាស្នាក់នៅលំដាប់ High Class នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៤ លើផ្ទៃដីទំហំ ៤៦៨ ម៉ែត្រការ៉េ។
ប្រភពពីក្រុមហ៊ុនអចលនទ្រព្យបានវាយតម្លៃថា តំបន់ទួលទំពូងសព្វថ្ងៃស្ទើរតែក្លាយជាតំបន់ដែលមានអចលនទ្រព្យល្អលំដាប់ទី២ បន្ទាប់ពីតំបន់បឹងកេងកង ព្រោះបច្ចុប្បន្នមានជនបរទេសជាច្រើនបានស្នាក់នៅទីនោះ។
បើតាមម្ចាស់គម្រោង បន្ទប់ស្នាក់នៅក្នុងខុនដូ ដឺភូមិ អេមើរ៉លដ៍ មានចំនួន ៤ ប្រភេទគឺ ១ បន្ទប់គេង Couple ១, Couple ២ និងប្រភេទគ្រួសារ។ បន្ទប់នីមួយៗមានតម្លៃចាប់ពីជាង ១០ ម៉ឺនដុល្លារ រហូតដល់ជិត ៣០ ម៉ឺនដុល្លារអាមេរិក៕