ដីជាង ៧ហិកតា រដ្ឋាភិបាលឲ្យសាលារាជធានីភ្នំពេញបើកការដ្ឋានសាងសង់អាគារព្យាបាលកូវីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

ខណៈដែលជំងឺរាតត្បាតសកលកូវីដ-១៩ បំម្លែងខ្លួនប្រភេទថ្មី អូមីក្រុង កំពុងចរាចរខ្លាំងនៅភូមិសាស្ត្ររាជធានីភ្នំពេញ រដ្ឋាភិបាលកម្ពុជាបានពន្លឿនឲ្យបើកដំណើរការគម្រោងសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន១១អគារ លើផ្ទៃដីជាង៧ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៤កុម្ភៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអធិបតីក្នុងការ​រៀប​ចំ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​បើកការដ្ឋាន​សាងសង់​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​-១៩ តេជោ​សន្តិភាព រាជធានី​ភ្នំពេញ ស្ថិតនៅ​ក្នុង​ភូមិ​កប់ស្រូវធំ សង្កាត់​គោករកា ខណ្ឌ​ព្រែក​ព្នៅ​។

បើតាមរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩តេជោសន្តិភាពរាជធានីភ្នំពេញនេះ តម្រូវឱ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយ:ពេលមួយឆ្នាំ តាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការអនុវត្តគម្រោងសាងសង់កន្លែងព្យាបាលជំងឺកូវីដ១៩នេះ កើតឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជា អូមីក្រុង នឹងមានការឆ្លងលឿន។

គួររំលឹកផងដែរថា ក្រោយមេរោគកូវីដ-១៩ ចរាចរណ៍នៅប្រទេសកម្ពុជាជាងពីរឆ្នាំកន្លងទៅ រដ្ឋាភិបាលបានសម្រេចយកទីតាំងរដ្ឋ និងឯកជន ដូចជា មន្ទីរពេទ្យហ្លួងម៉ែ សាលារៀន ពហុកីឡដ្ឋានអូឡាំពិក ទីតាំងរៀបអាពាហ៍ពិពាហ៍ ឌឺព្រីមៀរ សែន សុខ អគាររៀបអាពាហ៍ពិពាហ៍កោះពេជ្រ អគាររៀបអាពាហ៍ពិពាហ៍ ពិភពថ្មី ជាដើម ប្រើប្រាស់សម្រាប់ព្យាបាលកូវីដ-១៩ ខណៈថ្មីៗនេះ រដ្ឋាភិបាលបានប្រគល់ទីតាំងទាំងនោះទៅឲ្យម្ចាស់គេវិញ៕