ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ជប៉ុនជូនកាដូជាង ៦៦ម៉ឺនដុល្លារឲ្យកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន ផ្តល់កញ្ចប់ថវិកាចំនួន ៦៦៤,៩៩៤ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈម្សិលមិញ ក្រោមវត្តមានលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងមកពីអង្គការចំនួនពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា៖ “យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ”

ស្ថានទូតជប៉ុនបានឲ្យដឹងថា ថវិកា ២៦៦,៤២៨ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្ត “គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាពតាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន ឆ្នាំទី៣។

ចំណែក ថវិកា ៣៩៨,៥៦៦ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ដើម្បីអនុវត្ត “គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឆ្នាំទី៣” ។

រដ្ឋាភិបាលជប៉ុន កន្លងមកបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំៗមួយចំនួន ដូចជា គម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕