នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានលើកឡើងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ក៏ដោយ ជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ លោកថ្លែងយ៉ាងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅទីស្តីការក្រសួងការពារជាតិនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ។
លោក YOSHIDA Yoshihide ក៏គូសបញ្ជាក់អំពីការបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណី ដូចជា ការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត។
ជាមួយគ្នានេះ មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកម្ពុជាក្នុងនាមជាប្រទេសទី១នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។
ថ្លែងក្នុងជំនួបដដែលដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក YOSHIDA Yoshihide លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិក៏ល្អរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជានៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្ន ដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។
លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់លើការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជា ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានអរគុណចំពោះភាគីមិត្តជប៉ុនដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែងសម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការ ជាដើម។
ក្នុងជំនួបនៅព្រឹកនេះភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន៕