ក្រសួងសុខាភិបាលកម្ពុជា បានចេញមកអំពាវនាវហេីយអំពាវនាវទៀត ឱ្យសូមចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក និងក្នុងតំបន់ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាដែរ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កេីតមានរួចហេីយដែរ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។
លោកជំទាវថ្លែងយ៉ាងដូច្នេះថា៖ “អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហេីយឱ្យតែយេីងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហេីយ”។
ជាថ្មីម្តងទៀត លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វេីការអំពាវនាវដោយត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដូចជា នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ និង ៣កុំ។
លើសពីនេះ ក៏កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីនពេក ហើយកុំទៅកន្លែងមនុស្សច្រេីនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រេីនជាដេីម។ ជារួម បេីមានការសង្ស័យ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង បេីវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក៕