អភិបាល​ខេត្ត​ក្រចេះ ជា​ក្មួយប្រសារ​សម្តេច​តេជោហ៊ុន សែន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​បង្ហើប​ពី​អត្តសញ្ញាណ​អភិបាល​ខេត្ត​ក្រចេះគឺ​ជា​ក្មួយ​ប្រសារ​សម្តេច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​កម្មវិធី​​សម្ពោធ​សមិទ្ធផលស្ពានទាំង ៧ កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន​នៅព្រឹកមិញនេះ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា អភិបាលខេត្តក្រចេះ លោក វ៉ា ថន គឺជាក្មួយប្រសាររបស់សម្តេច។ បើ​តាម​​​មេដឹកនាំ​កម្ពុជាបញ្ជាក់​ថា ក្រោយតែងតាំងហើយ ទើបដឹងថាជាក្មួយប្រសារ។

លោក វ៉ា ថន បាន​ឡើង​កាន់​តំណែង​ជា​អភិបាលនៃគណៈអភិបាលខេត្តក្រចេះនៅ​ឆ្នាំ ២០១៨។ មុនឡើង​តួនាទី​ជា​អភិបាល​ខេត្តក្រចេះ លោក​បានកាន់មុខតំណែងជាអភិបាលរង ដោយ​​ឡើងជំនួសលោក សរ ចំរុង ដែលត្រូវផ្ទេរភារកិច្ចទៅកន្លែងថ្មី។

អតីត​អភិបាល​ខេត្ត​ក្រចេះ សរ ចំរុង បាន​​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ក្រចេះ​អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​ពី​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​អតីត​អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ។

ក្នុងពិធី​ប្រកាស​តែងតាំង​អភិបាល​ខេត្តថ្មី លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឲ្យ លោក វ៉ា ថន ដោះ​ស្រាយ​បញ្ហា​ពលរដ្ឋ​ដោយ​យុត្តិធម៌ ជៀសវាង​ការ​ទាមទារ​សេវា​កម្រៃ​ខុស​ច្បាប់ ការ​ធ្វើ​លិខិត​បទដ្ឋាន និង​គតិយុត្តិ​នានា។ លើស​ពី​នេះ ត្រូវ​បង្ក្រាប​បទ​ល្មើស គ្រឿងញៀន​ដែល​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជន​បទ ហាម​មិន​ឲ្យមាន​ការ​​ជួល​ដី​តាម​ព្រំដែន​ឲ្យ​បរទេស ត្រូវ​លុប​បំបាត់​ការ​នាំ​ទំនិញ​ចូល និង​ចេញ​ខុស​ច្បាប់ និង​ត្រូវ​ពិនិត្យឬ​បង់​ពន្ធ​ត្រឹមត្រូវ។

លោក​ ស ខេង បាន​លើក​ពី​គុណសម្បត្តិ​អភិបាល​ខេត្ត​ថ្មីលោក​វ៉ា ថន ជា​មន្រ្តី​ដែល​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​​ការងារ និង​ការ​សិក្សា​បាន​ច្រើន៕