ក្រុមហ៊ុន Virgin Galactic គឺជាដៃគូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ក្នុងវិស័យផលិតយានអវកាស ឬអាចហៅបានថា ដំណើរកម្សាន្តបែបថ្មីលំដាប់អភិជន។
កន្លងមក ក្រុមហ៊ុន Virgin Galactic បានជោគជ័យក្នុងការបង្ហោះយានរបស់ពួកគេទៅកាន់លំហអាកាស ហើយថ្មីៗនេះលឺល្ហៀងៗមកថា បានទម្លាក់តម្លៃសំបុត្រសម្រាប់ភ្ញៀវដែលចង់បាននូវបទពិសោធន៍ថ្មីស្រឡាងមួយនេះ។
យោងទៅតាមការប្រកាសឲ្យដឹងពីក្រុមហ៊ុនផ្ទាល់ ការដាក់លក់សំបុត្រជាសាធារណៈនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ កុម្ភៈតទៅ ខណៈកៅអីក៏មានកំណត់ផងដែរ ពោលគឺលក់ជូនត្រឹមតែ ១ ០០០ នាក់ប៉ុណ្ណោះ។
រីឯតម្លៃសំបុត្រវិញ គឺ ៤៥០ ០០០ ដុល្លារ ហើយប្រសិនបើអតិថិជនសម្រេចចិត្តច្បាស់ ក្រុមហ៊ុនតម្រូវឲ្យបង់ប្រាក់មុន ១៥០ ០០០ ដុល្លារ ស្របពេលការចំណាយ ៤៥០ ០០០ ដុល្លារ អតិថិជននឹងទទួលបានបទពិសោធន៍ជិះយានអវកាស ៩០ នាទី និងវត្ថុអនុស្សាវរីយជាច្រើនផងដែរ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ គ្រាន់តែប្រកាសតម្លៃសំបុត្រជាង ៤០ ម៉ឺនដុល្លារហើយ ភ្លាមភាគហ៊ុននៃក្រុមហ៊ុន Virgin Galactic បានលោតឡើងយ៉ាងខ្លាំងដល់ទៅ ៣០% បើធៀបនឹងមុនពេលប្រកាសបន្តិច។
បញ្ជាក់ដែរថា កាលពីឆ្នាំទៅ ក្រុមហ៊ុនមួយនេះបានលក់អស់ ១០០ សំបុត្រសម្រាប់ដំណើរកម្សាន្តទៅលំហអាកាសជាមួយនឹងតម្លៃដូចបានរៀបរាប់ ស្របពេលមានមនុស្សជាង ៧០០ នាក់សម្រុកនាំគ្នាកក់សំបុត្រសម្រាប់ជើងហោះហើរថ្មី ដែលក្នុងនោះក៏មាន Elon Musk ផងដែរ៕
ប្រភព: Yahoo