វិស័យសក្តានុពលសំខាន់ចំនួន៦ លោក ប៉ាន សូរស័ក្តិ ជំរុញឲ្យអ្នកវិនិយោគិនហុងគ្រី មកបណ្តាក់ទុនរកស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបង្ហាញវិស័យសក្តានុពលសំខាន់ៗដល់ក្រុមអ្នកវិនិយោគគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងជំនួបធុរកិច្ចលើកទី១ រវាងកម្ពុជា និងប្រទេសហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ច សម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ ពីជំងឺរាតត្បាតសកលកូវីដ-១៩” នៅថ្ងៃពុធ ទី១៥ កុម្ភៈម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបធុរកិច្ចនេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងបង្ហាញនូវវិស័យដែលមានសក្តានុពលសម្រាប់វិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជននិងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការ ធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ។

បើតាមលោករដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយ បរិយាប័ន្ននិងចីរភាព ត្រូវតែផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ០៦ រួមមាន ទី១ កសិកម្មនិងផលិតផលកសិកម្ម ទី២ បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន ទី៣ ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ ទី៤ សេវាកម្មទេសចរណ៍ ទី៥ ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងទី៦ ផលិតផលកម្មន្តសាល។

ក្នុងជំនួបនេះផងដែរ ក៏មានការចូលរួមតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្វើបទបង្ហាញអំពីច្បាប់ថ្មីស្តីការវិនិយោគ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុនសក្តានុពលនាំចេញរវាងកម្ពុជានិងហុងគ្រីនិងបានចែករំលែកព័ត៌មាន ព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញដល់ការតភ្ជាប់ធុរកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែប្រសើរ។

តាមរយៈវេទិកានេះ ភាគីកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត៕