រដ្ឋាភិបាល ទទួលស្គាល់ភាពរីកចម្រើននៃការអភិវឌ្ឍរបស់ខ្លួនមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា ទទួលបានកម្ចី និងជំនួយពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍនានាជាច្រើន ដើម្បីយកមកស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ ប្រទេសចិន ត្រូវបានមើលឃើញថាជាម្ចាស់ជំនួយធំជាងគេបង្អស់ស្ថិតក្នុងចំណោមបណ្តាប្រទេសអភិវឌ្ឍន៍ដែលផ្តល់កម្ចី និងជំនួយមកឲ្យកម្ពុជាជាមួយនឹងការប្រាក់សមរម្យ ខណៈប្រទេសជប៉ុនជាម្ចាស់ជំនួយទី២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារួម គ្រប់បណ្តា​ប្រទេស​ដែលបាននឹងកំពុង​អភិវឌ្ឍន៍ គឺ​មិន​អាច​ខ្វះ​បាន​នោះ​ទេ នូវ​ការ​ស្វែង​រក​ជំនួយ​និង​​កម្ចី​ពី​បណ្តា​ប្រទេស​អ្នក​មាន ដើម្បី​យក​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេសឲ្យ​មាន​ការ​រីក​ចម្រើន។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយលោក មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីសម្ពោធនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ជប៉ុន បានផ្តល់កម្ចី និងជំនួយ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ។ សម្តេចបានសង្កត់ធ្ងន់ថា ភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។

ទោះបីជាបែបនេះក្តី គិតត្រឹមឆ្នាំ២០២០ កម្ពុជាជំពាក់បំណុលក្រៅប្រទេសចំនួន ៨៤០៤ លានដុល្លារអាមេរិក។ នេះបើតាមសៀវភៅថវិកាសង្ខេបឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច។ ក្នុងសន្និធិបំណុល ៨.៤ពាន់លានដុល្លារនេះ ចិនជាម្ចាស់បំណុលធំជាងគេ ដែលមានចំណែកដល់៤៥%នៃបំណុលរបស់កម្ពុជាសរុប។ ក្រៅពីនេះកម្ពុជាជាប់បំណុលពហុភាគីនៃស្ថាប័នអន្តរជាតិចំនួន ៣០% បន្ទាប់ពីនេះគឺរួមមានម្ចាស់បំណុល ដូចជា ជប៉ុន កូរ៉េខាងត្បូងជាដើម។

ទំហំបំណុលនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា មានចីរភាព និងហានិភ័យកម្រិតទាប ដោយសារកម្ចីនេះមានត្រឹមជាង២០%នៃផលិតផលក្នុងសរុប(GDP)។ បើតាមបទដ្ឋានបច្ចេកទេសរបស់ស្ថាប័នហិរញ្ញវត្ថុធំៗដូចជា IMF ជាដើម គឺកម្ពុជាអាចខ្ចីបានដល់៤០%នៃGDP របស់ខ្លួន។

យ៉ាងណា ​មន្ត្រី​រដ្ឋាភិបាល អះអាង​ដដែលៗ ​ថា បំណុល​នេះ​នៅ​ទាប ដែល​មិន​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​កម្ពុជា​នៅ​អាច​ជំពាក់​បរទេស​បាន​បន្ថែម​ទៀត​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លា ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ អះអាង​ថា បើ​ធៀប​បំណុល​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេងទៀត កម្ពុជា​មិនទាន់​ដល់​វ័ណ្ឌក​នោះ​ទេ​។ លោក​អះអាង​ថា កម្ពុជា​មិន​មាន​បញ្ហា​អ្វី ពាក់ព័ន្ធ​ជាមួយនឹង​លទ្ធភាព​សង​នោះ​ទេ៕