កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំការវាយតម្លៃជ្រើសរើសបេក្ខភាពចំនួន៥រូបដែលជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើម ដោយមានការចូលរួមផ្តល់ពិន្ទុពីគណៈកម្មការទាំង៥ មកពីស្ថាប័នរដ្ឋ និង ឯកជន។ កម្មវិធីនេះរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយ GEN Cambodia និងទទួលការគាំទ្រថវិកាធំពី សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីប្រគួតជ្រើសរើសពានរង្វាន់នេះ ត្រូវបានវាយតម្លៃ និងដាក់ពិន្ទុ គឺអាស្រ័យលើចំនួនការចូលចិត្ត (Like) តាមរយៈប្រព័ន្ធហ្វេសប៊ុក ទៅលើវីដេអូរបស់សហគ្រិននីមួយៗ ដោយមានថេរវេលានៃការបោះឆ្នោតគិតចាំពី ថ្ងៃទី០១-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ពិធីប្រគល់ជ័យលាភីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សារបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព លោក ហេង សុគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក គង់ ម៉ារី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាអគ្គនាយកនៃក្រុមហ៊ុន Westline Education Group។
តើអ្នកណាជាម្ចាស់ជ័យលាភីសហគ្រិនវ័យក្មេងឆ្នើមទាំង៥ប្រចាំឆ្នាំ២០២១?
ទី១ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០២១ បានទៅ លោក យៀប សុគន្ធថៃ នៃក្រុមហ៊ុន ចតុមុខ ផេស សឺវិស ឯ.ក Orkin Cambodia
ទី២ ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមវ័យក្មេង បានទៅ អ្នកស្រី នុន ចាន់នី នៃក្រុមហ៊ុន រាជនី បាណាណា សំឡូត រាជិនី-Reacheny
ទី៣ ពានរងា្វន់សហគ្រិនឆ្នើមវ័យក្មេងផ្នែកសង្គម ស៊ន ឌីប៉ង់ នៃក្រុមហ៊ុន អេសស៊ីដាប់បែលយូ3ភីអេស ឯ.ក SCW3ps Co.,LTD
ទី៤ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងផ្នែកធុរកិច្ចបរិយាប័ន្ន បានទៅ លោក យ៉ង់ ប៉ាក់ នៃក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក Agribee Cambodia Plc
ទី៥ ពានរងា្វន់សហគ្រិនឆ្នើមវ័យក្មេងផ្នែកបច្ចេកវិទ្យា បានទៅ លោក តេង ស៊ាវប៉ោ នៃក្រុមហ៊ុន ហ្វីកស៍មី ឯ.ក Fixh.me