ជឿថាមានប្រិយមិត្តជាច្រើនបានស្គាល់អ្នកឧកញ៉ា ទ្រី ភាព រួមទាំងអាជីវកម្មគ្រាក់ៗរបស់លោកដែលកំពុងដំណើរនៅកម្ពុជាក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម បដិសណ្ឋារកិច្ច និងប្រេងឥន្ទនៈជាដើម។ តែជំនួញដែលមានភាពល្បីល្បាញជាងគេនោះ គឺការនាំចេញឈើទៅក្រៅប្រទេស។
ឧកញ៉ា ទ្រី ភាព ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈអនុក្រឹត្យចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងភរិយារបស់លោក គឺឧកញ៉ា គៀង ស្រីនាង ដែលជាអគ្គនាយកក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួមទាំងក្រុមហ៊ុនច្រើនទៀត។
ការត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដោយផ្តល់គោរមងារដល់ឧកញ៉ា ទ្រី ភាព និងភរិយា ឧកញ៉ា គៀង ស្រីនាង ជា «អ្នកឧកញ៉ា» គឺតាមសេចក្តីទូលថ្វាយរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។
លោក ទ្រី ភាព ទទួលបានងារ «ឧកញ៉ា» កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ របស់ប្រមុខរដ្ឋស្ដីទី សម្តេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំង។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមចូលទឹកដីសហរដ្ឋអាមេរិក។ តែយ៉ាងណា លោកបានអះអាងថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានធ្វើឱ្យប៉ះពាល់ដល់ការជំនួញរបស់ខ្លួននោះឡើយ ហើយក្រុមហ៊ុនទាំង៩របស់លោកនៅតែដំណើរការជាប្រក្រតី ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ១៩ក្តី។
អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងទៀតថា ជំនាន់អាមេរិកទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋកម្ពុជា លោកនៅតែអាចរស់បាន ដូច្នេះគ្មានហេតុផលណានាំឱ្យលោកបារម្ភ ឬភ័យខ្លាចជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។ លើសពីនេះលោកបានចាត់ទុកការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិក គឺធ្វើឡើងតាមរបាយការណ៍របស់ខ្មែរដែលមាននិន្នការប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយអាមេរិក មិនបានសិក្សាអ្វីទាំងអស់ ពាក់ព័ន្ធការរកស៊ីក្រុមហ៊ុនរបស់លោក។
ជាការកត់សម្គាល់ តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង៩របស់អ្នកឧកញ៉ា ទ្រី ភាព មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក្រុមហ៊ុនទាំង៩នេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ៕