ណែនាំឲ្យស្គាល់ថ្នាក់ដឹកនាំក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវដែលល្បីនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ

ជុំវិញ​ឧកញ៉ា

វិស័យកសិកម្ម ជាវិស័យអាទិភាពសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ វិស័យកសិកម្ម ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកថា​ ជាវិស័យអាទិភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦២ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយ ក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៤៥ម៉ឺនតោន និងក្រុមហ៊ុន ៥២ដទៃទៀតបាននាំចេញ ត្រឹមតែ ១៦ម៉ឺនតោន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម។

សារព័ត៌មានឧកញ៉ាញូស៍ នៅថ្ងែនេះសូមណែនាំលោកអ្នកមកស្គាល់ក្រុមហ៊ុនចំនួន ៥ ដែលកំពុងប្រតិបត្តិការនាំចេញទៅក្រៅប្រទេសយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈកសិកម្មបានចូលរួមចំណែកប្រមាណ ២២% នៃផលិតផលក្នុងស្រុកសរុប​(GDP) របស់កម្ពុជា ហើយមនុស្សចំនួនប្រហែល ៣ លាននាក់ធ្វើការក្នុងវិស័យ​នេះ។

១-ក្រុមហ៊ុន បៃតង របស់ឧកញ៉ា ភួ ពុយ

ក្រុមហ៊ុនបៃតង ដែលមានរោងចក្រខ្នាតធំ ទំនើប និងមានសមត្ថភាពផលិតបានច្រើនជាងគេ ស្ថិតក្នុងខេត្តបាត់ដំបង ដោយចាប់ផ្តើមផលិត កែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០ មកទល់បច្ចុប្បន្ន។ បច្ចុប្បន្នក្រុមហ៊ុន បៃតង ដឹកនាំដោយឧកញ៉ា ភួ វាសនា នាយកប្រតិបត្តិ និងអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

២-ក្រុមហ៊ុន CITY RICE

ក្រុមហ៊ុន City Rice Import-Export គឺជាក្រុមហ៊ុនផលិតអង្ករធំជាងគេមួយនៅខេត្តបាត់ដំបង​ ដោយដឹកនាំផ្ទាល់ដោយ ឡាយ អានឌី ជាប្រធានក្រុមហ៊ុន City Rice Group និងជានាយកប្រតិបត្តិ។

៣-ក្រុមហ៊ុន AMRU RICE (Cambodia)

Amru Rice ជា​រោង​ម៉ាស៊ីនកិនស្រូវ ​ឈានមុខ​គេ​មួយ​ក្នុង​ការជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​នាំចេញ​អង្ករ​សំខាន់ៗ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​ស្បៀង​ពិភពលោក​។ Amru Rice បង្កើតឡើងដោយឧកញ៉ា សុង សារ៉ន និងនិងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បច្ចុប្បន្នក្រុមហ៊ុននេះដឹកនាំដោយលោកស្រី អ្នកស្រី ឃី មុនី អគ្គនាយិការ។

៤-ក្រុមហ៊ុន KHMER FOODS

KHMER FOODS មានរោងម៉ាស៊ីនកិនស្រូវ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយឧកញ៉ា គឹម សាវុធ ជាអគ្គនាយក ហើយជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។

៥ ក្រុមហ៊ុន Mekong Oryza Trading

ក្រុមហ៊ុន​ Mekong Oryza Trading គឺជារោងម៉ាស៊ីនកិនស្រូវមួយដែលបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ​ជាមួយ​ក្រុមហ៊ុន​បរទេស​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង​អាហ្វ្រិក​ខាងត្បូង​ដែល​ទីផ្សារ​ថ្មី​របស់​កម្ពុជា។ ក្រុមហ៊ុននេះដឹកនាំដោយឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។

សប្តាហ៍ក្រោយសារព័ត៌មានឧកញ៉ាញូស៍ នឹងផ្សាយជូនប្រិយមិត្តឲ្យស្គាល់រោងម៉ាស៊ីនកិនស្រូវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដែលមានភាពល្បីល្បាញខាងនាំអង្ករចេញទៅទីផ្សារអន្តរជាតិបន្តទៀត៕

សូមចុចអានអត្ថបទទាក់ទង៖