អគ្គនាយកដ្ឋានពន្ធដារ រៀបចំយន្តការកំណត់អត្តសញ្ញាណអចលនទ្រព្យ ដែលហៅជាភាសាអង់គ្លេស Property ID ដើម្បីតម្លាភាពក្នុងការពង់ពន្ធ។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ការដាក់ចេញវិធានការនេះ ចង់បញ្ជាក់អំពីអចលនទ្រព្យនីមួយៗ ថាពួកគេបានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យដោយមិនបានបង់ពន្ធជូនរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ការរៀបចំយន្តការនេះ ក្នុងន័យធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ ឆ្នាំ២០២២ ឲ្យបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួនប្រមាណ ២ ៨១៩.៥៤ លានដុល្លារ។
រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការប្រមូលពន្ធលើប្រាក់ចំណូលពីការលក់ឬផ្ទេរអចលនទ្រព្យ ចាប់ពីខែមករា ឆ្នាំ២០២១កន្លងទៅ។ ចំពោះការប្រមូលពន្ធលើប្រាក់ចំណេញមូលធននេះ ជាពន្ធបន្ថែមលើការទិញលក់អចលនទ្រព្យគ្រប់ប្រភេទ វានឹងបន្ថែមលើពន្ធប្រថាប់ត្រា ដែលមានអត្រាពន្ធ២០%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ រួមមានការពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពលដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិត ក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩។
បន្ថែមទៅទៀត អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) អនុលោមតាមប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពនៅក្នុងប្រទេសកម្ពុជា៕