កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានផ្តោតសំខាន់លើគេគឺការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិកូវីដ១៩ ដោយជំរុញអោយមានការបើកឱ្យមានចរាចរផ្ទៃក្នុងឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសីទព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើឡើងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា កិច្ចប្រជុំក៏មានលើកឡើងពីការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន ការធ្វើទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាដើម។ ដោយឡែកសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា កិច្ចប្រជុំក៏បានពិភាក្សាច្រើនពីដោយបានបង្ហាញពីបំណងជួយដោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ាក្នុងនាមគ្រួសារអាស៊ាន។ ហើយរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានបង្ហាញគាំទ្រឯកឧត្តម ដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា ជាប្រេសិត របស់ ប្រធានអាស៊ាន នឹងធ្វើដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ានៅដើមខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានការចូលរួមដោយផ្ទាល់ ពីរដ្ឋមន្ត្រីការបរទេស កម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និង ហ្វីលីពីន។ ដោយឡែករដ្ឋមន្ត្រីការបរទេស វៀតណាម ថៃ ភូមា និង ប្រ៊ុយណេចូលរួមកិច្ចប្រជុំតាមប្រពន្ធវីដេអូ៕