ពន្ធដារ ដាក់គោលដៅក្តៅបន្តជំរុញការប្រមូលចំណូលពន្ធឆ្នាំ២០២២ ឲ្យបានក្បែរ ៣ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ដាក់គោលដៅជំរុញការប្រមូលចំណូលពន្ធឲ្យបានតាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ចំនួន ១១ ៤១៩.១៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២ ៨១៩.៥៤ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលពន្ធដារប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។

លោកបន្តថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យបានគ្រប់តាមផែនការច្បាប់កំណត់អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដូចជា ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពលដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិត ក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បន្តពង្រឹងការងារគ្រប់គ្រងនិងតាមដានលើការលិខិតប្រកាសពន្ធរបស់សហគ្រាស ដោយមានវិធានកាចំពោះសហគ្រាសដែលមិនដាក់លិខិតប្រកាស រួមនឹងការបន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម។

ទន្ទឹមនឹងនោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសផងដែរ។

បន្ថែមលើនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏នឹងរៀបចំយន្តការកំណត់អត្តសញ្ញាណអចលនទ្រព្យ (Property ID) ដើម្បីបញ្ជាក់ថាអចលនទ្រព្យនីមួយៗបានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យដោយមិនបានបង់ពន្ធជាដើម៕