ក្រសួងការងារបង្ហាញក្តីបារម្ភការវិវត្តបច្ចេកវិទ្យាថ្មីៗកំពុងផ្លាស់ប្តូរក្នុងពិភពការងារដែលបង្កបញ្ហាដល់វិស័យឯកជន

សង្គម​ និង​សេដ្ឋកិច្ច

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ មានន័យថា ជាការវិនិយោគសង្គមនាបច្ចុប្បន្ននិងអនាគត។ ហើយការវិនិយោគនេះទៀតសោត តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលបើកវេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ រៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ ILO លោក អ៉ិត សំហេង គូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ហើយការណ៍នេះក៏ផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាច្រើនផងដែរ។

ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ត្រូវបានលោករដ្ឋមន្រ្តីក្រសួងការងារ កត់សម្គាល់ថា វានាំមកនូវបញ្ហាប្រឈម សម្រាប់ប្រជាជនក្នុងការទទួលបានការបង្កើនជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជនក្នុងការសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។

បើតាមលោករដ្ឋមន្រ្តី ក្រសួងបាននឹងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្រ្តគន្លឹះទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់។

គួរជម្រាបថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួមមកហើយនូវគោលនយោបាយសំខាន់ៗ ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕