ចង់បើកក្រុមហ៊ុនមួយត្រូវយល់ដឹងពីរបៀបដាក់ឈ្មោះទាំងនេះនៅក្រសួងពាណិជ្ជកម្មជាមុនសិន

អាជីវកម្ម

កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវសេចក្តីប្រកាសមួយ ស្តីពីការដាក់ពាក្យសម្គាល់ទ្រង់ទ្រាយក្រុមហ៊ុន ក្នុងការកំណត់ដោយពាក្យសម្គាល់ទ្រង់ទ្រាយនៅខាងចុង ឬខាងក្រោមនាមករណ៍របស់ក្រុមហ៊ុន ដោយប្រើពាក្យពេញ ឬជាអក្សរកាត់បាន។ ការបញ្ជាក់យ៉ាងលម្អិតពីបែបបទរដ្ឋបាលនៃរបៀបដាក់ឈ្មោះរបស់ក្រសួងជាថ្មីម្ដងទៀតនេះ ពិតជាមានសារៈសំខាន់ខ្លាំង ដល់ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងឡាយ អាចស្វែងយល់ទុកជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួង បានបញ្ជាក់ថា នាមករណ៍របស់ក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក់ពេញលេញលេញថា ” ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត” ឬអក្សរកាត់ថា ” ឯ.ក” នៅខាងចុង ឬខាងក្រោមនាមករណ៍របស់ក្រុមហ៊ុន ។

នាមករណ៍របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា ” ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ” ឬជាអក្សរកាត់ថា “ម.ក” នៅខាងចុង ទខាងក្រោមនាមករណ៍របស់ក្រុមហ៊ុន ។ សហគ្រាសឯកបុគ្គលត្រូវដាក់នូវពាក្យថា ” សហគ្រាសឯកបុគ្គល “​នៅពីមុខនាមករណ៍នោះ ។ នាមករណ៍របស់សាខាក្រុមហ៊ុនក្នុងស្រុក គឺជានាមករណ៍របស់ក្រុមហ៊ុនដើម។ នៅពីលើ ទនៅពីមុខនាមករណ៍របស់សាខានោះត្រូវសរសេរពាក្យ ” សាខាក្រុមហ៊ុនក្នុងស្រុក ” ។

នាមករណ៍របស់សាខាក្រុមហ៊ុនបរទេស គឺជានាមករណ៍របស់ក្រុមហ៊ុនដើម។ នៅពីលើ ឬនៅពីមុខនាមករណ៍របស់សាខានោះត្រូវសរសេរពាក្យ ” សាខាក្រុមហ៊ុនបរទេស” ។ នាមករណ៍របស់ការិយាល័យតំណាងពាណិជ្ជកម្ម ការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម ជានាមករណ៍របស់ក្រុមហ៊ុនដើមនៅបរទេស។ នៅពីលើ ឬនៅពីមុខនាមករណ៍នេះ ត្រូវសរសេរពាក្យ  ” ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ឬការិយាល័យទំនាក់ទំនងពាណិជ្ជកម្មបរទេស ។

នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា ” ក្រុមហ៊នសហកម្មសិទ្ធិទូទៅ” ឬអក្សរកាត់ថា “ស.ទ” នៅខាងចុង ទខាងក្រោមនាមករណ៍របស់ក្រុមហ៊ុន ។ នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ត្រូវដាក់ពាក្យសម្គាល់ទ្រង់ទ្រាយដោយពាក្យពេញលេញថា ” ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ” ឬពាក្យកាត់ថា “ស.ក” នៅខាងចុង ឬនៅខាងក្រោមនាមករណ៍របស់ក្រហ៊ុន។

ក្រុមហ៊នឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុមមហាជនទទួលខុសត្រូវមានកម្រិតដែលអនុញ្ញាតឲ្យប្រើពាក្យ ហូលឌីង (HOLDING) ឬគ្រុប (GROUP) នៅបន្ទាប់ពីឈ្មោះក្រុមហ៊ុន ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

១. នាមករណ៍ក្រុមហ៊ុនដែលប្រើពាក្យ ហូលឌីង (HOLDING)   ត្រូវមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធយ៉ាងតិច ៣ ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា ចំណុចមួយទៀត ក្រុមហ៊ុនដើម ជាក្រុមហ៊ុនដែលត្រូវមានកម្មវត្ថុអាជីវកម្មលេខ ៦៤២ (សកម្មភាពរបស់ក្រុមហ៊ុនភាគហ៊ុន) និងផ្តល់ទុនទៅឲ្យក្រុមហ៊ុនជាបុត្រសម្ព័ន្ធដើម្បីធ្វើពាណិជ្ជកម្ម។ ក្រុមហ៊ុនដើម មិនអាចធ្វើសកម្មភាពពាណិជ្ជកម្មដោយផ្តាល់បានឡើយ ។

២. នាមករណ៍ក្រុមហ៊នដែលប្រើពាក្យគ្រុប (GROUP) ត្រូវមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធយ៉ាងតិច ៣ ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនដើម ត្រូវកាន់កាប់ដោយភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតយ៉ាងតិច ៥១ ភាគរយ នៅក្នុងក្រុមហ៊ុនជាបុត្រសម្ព័ន្ធនីមួយៗ ៕