ប្រទេសជប៉ុន បានក្លាយជាដៃគូអភិវឌ្ឍតាមរយៈការផ្តល់ជំនួយនិងកម្ចីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនបានថ្លែងលើកការសម្ពោធសមិទ្ធផលស្ពាន ៧ កន្លែងកាលពីថ្ងៃពុធសប្តាហ៍នេះថា ជប៉ុនបានផ្តល់កម្ចីនិងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មកដល់ពេលនេះមានជាង ១ ៤០០ លានដុល្លារ។
ជំនួយរបស់រដ្ឋាភិបាលជប៉ុនបានចូលរួមអភិវឌ្ឍ និងលើកស្ទួយដល់ជីវភាពដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ដែលសម្រួលការដឹកជញ្ជូនផលិតផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានបន្តថា ជាភ័ព្វសំណាងរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីមិត្តជប៉ុន ផ្តល់ជំនួយបន្តបន្ទាប់ជាពិសេសហេដ្ឋារចសម្ព័ន្ធដែលបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ សម្តេចក៏លើកពីជំនួយសាងសង់ស្ពានបេតុងទាំង៧កន្លែង នៅខេត្តក្រចេះ និងព្រៃវែងដែលសម្តេចបានចូលរួមសម្ពោធ ក៏កើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងជប៉ុន។
ប្រមុខរដ្ឋាភិបាលក៏ឆ្លើយតបលើការរិះគន់របស់ក្រុមប្រឆាំងលើការស្នើសុំជំនួយអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ សម្តេចបានថ្លែងថា ក្រុមប្រឆាំងតែងហៅសម្តេចមេដឹកនាំពូកែដើរសុំ តែការសុំនោះដើម្បីសង់ផ្លូវស្ពាន ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ មិនមែនសុំយកមកបង្ហើយផ្ទះបាយរបស់សម្តេចទេ។
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលកំពុងដំណើរការការសាងសង់មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងចំណាយប្រមាណជាង ៥០០លានដុល្លារអាមេរិក ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA)។
គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេសជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត៕