នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុ ក្នុងស្មារតីរួមគ្នាធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។
ជំនួបនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានសម្រេចចុះបញ្ជីដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ប៊ីលានដុល្លារអាមេរិក។
លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់សាជាថ្មី ដល់វិនិយោគិនជប៉ុន ដែលបន្តផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។
បន្ថែមលើនេះ លោករដ្ឋមន្រ្តីប្រតិភូក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់បន្ថែមពីភាពចាំបាច់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីឈានទៅរកភាពជោគជ័យក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោកសង្កត់ធ្ងន់ថា ប្រការនេះ នឹងដើរតួជាសាដ៏វិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋា-ភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕