ជាប់ជាប្រធានថ្មីអ្នកឧកញ៉ា គិត ម៉េង ចុះផ្ទាល់ដល់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលមានបុគ្គលិកជាង ៣ម៉ឺន ៤ពាន់នាក់

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីជាប់ឆ្នោតជាប្រធានថ្មីដឹកនាំដោយផ្ទាល់លើតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងស្វែងយល់បន្ថែមពីដំណើរការអភិវឌ្ឍន៍ និងការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនៅពេលនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលទស្សនកិច្ចនៅក្នុងក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនជប៉ុន Minebea ដែលផលិតគ្រឿងអេឡិចត្រូនិច, ក្រុមហ៊ុនជប៉ុន Sumi Wiring Systems ដែលផលិតខ្សែភ្លើងសម្រាប់បំពាក់នៅក្នុងរថយន្ត, ក្រុមហ៊ុនអាមេរិក Laurelton Diamonds ដែលផលិតពេជ្រ និងច្នៃប៉ូលាពេជ្រចេញជាផលិតផលសម្រេច។

មកដល់បច្ចុប្បន្ននេះ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានរោងចក្រធំៗជាង ១០០រោងចក្រ និងបុគ្គលិកដែលកំពុងបម្រើការងារជាង ៣ម៉ឺន ៤ពាន់នាក់។ នេះបើតាមការបញ្ជាក់ក្នុងបទបង្ហាញនៅចំពោះមុខអ្នកឧកញ៉ា គិត ម៉េង។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមផ្សារមូលបត្រកម្ពុជា ដែលមានផ្ទៃដីទំហំប្រមាណ ៣៥៧ហិកតា។

ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បាននាំយកក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី ១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺ ក្រុមហ៊ុន អ៊ិនធើ ទ្បូជីស្ទីក (ខេមបូឌា) បានទិញភាគហ៊ុនចំនួន ៤៥,០៩% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (PPSP-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) និងបានក្លាយជាភាគហ៊ុននិក ដែលមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់នៅក្នុងក្រុមហ៊ុន ដែលអភិវឌ្ឍន៍តំបន់ឧទ្យានឧស្សាហកម្មនេះ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)។ ការធ្វើជាប្រធានលើកដំបូងនៃតំបន់សេដ្ឋកិច្ចពិសេសដែលធំជាងគេនៅកម្ពុជា៕