លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាលជលផល និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ក្នុងកិច្ចប្រជុំនោះ មានការលើកឡើងពីគម្រោងស្នើសុំសាងសង់ផែនេសាទដែលមានគុណភាព ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ និងពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។
លោកអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ។ លោកអភិបាលខេត្តបានផ្តល់ជម្រើសទីតាំងចំនួនពីរសម្រាប់សិក្សាសាងសង់ផែនេសាទសហគមន៍ដោយ ទី១ នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន និងទី២ នៅតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំផលនេសាទ។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោង និងការពិគ្រោះយោបល់លើគោលដៅ និងលទ្ធផលរំពឹងទុកនៃគម្រោង ព្រមទាំងស្នើសុំកិច្ចសហការ និងការគាំទ្រពីអាជ្ញាធរខេត្តតំបន់ឆ្នេរទាំង៤ ពិសេសខេត្តព្រះសីហនុ ក្នុងការរៀបចំគម្រោងខាងលើឱ្យទទួលបានជោគជ័យ ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។
លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានបង្ហាញពីគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រ។
បើតាមមន្រ្តីជំនាញរបស់ ADB បានលើកពីផលប្រយោជន៍នៃព្រៃកោងកាង ព្រោះព្រៃកោងកាង១ហិកតា អាចផ្តល់ចំណូល ៣,៥០០ដុល្លាក្នុងមួយឆ្នាំ ដូច្នេះយើងត្រូវរួមគ្នាអភិរក្សព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស។
ជាមួយគ្នានេះ លោកគួច ចំរើន អភិបាលខេត្តបានស្នើសុំឱ្យធនាគារអភិវឌ្ឍអាស៊ី ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍។
បើតាមលោក គួច ចំរើន នៅខេត្តព្រះសីហនុសម្បូរព្រៃកោងកាងមាននៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់៕