ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies ដែលភាគច្រើនស្គាល់ថា Opennet ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។
កាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្រសួងទាំងពីរ បានចេញលិខិតរួមគ្នាមួយដោយបង្គាប់ឱ្យក្រុមហ៊ុន Opennet ចូលមកទូទាត់ប្រាក់បំណុលក្នុងរយៈពេល ៧ថ្ងៃជាកំហិត។
ទន្ទឹមនឹងនោះ ក្រសួងទាំងពីរក៏បានព្រមានផងដែរថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងនឹងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
តើក្រុមហ៊ុន OPENNET កកើតឡើងតាំងពីឆ្នាំណា មុនឈានមកដល់របតមួយប្រឈមនឹងការបិទក្រុមហ៊ុនដោយជំពាក់បំណុលវណ្ឌករជាមួយរដ្ឋាភិបាល សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖
ក្រុមហ៊ុន Opennet ទើបតែប្រកាសអបអរសាទរខួប ១០ឆ្នាំនៃដំណើរការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី ១៣ ខែកមរា ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលតែងតែជួយគាំទ្រនិងជឿជាក់សេវាកម្មរបស់ក្រុមហ៊ុន Opennet ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុន King Technologies (Opennet) គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេមួយ ហើយមានឈ្មោះល្បាញល្បីជាង១០ឆ្នាំនៅកម្ពុជា។ OPENNET ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដែលផ្តល់សេវាប្រើប្រាស់អ៊ីនធឺណិត។
OPENNET បាននឹងកំពុងបម្រើអតិថិជនជាមួយនឹងគុណភាពល្អនៃដំណោះស្រាយអ៊ីនធឺណិតនៅប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវអ៊ីនធឺណែតល្បឿនលឿន ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៅកម្ពុជា។
OPENNET អនុវត្តការដំឡើង និងការប្រើប្រាស់ខ្សែកាបអុបទិកពីចំណុចកណ្តាលដោយផ្ទាល់ទៅកាន់ផ្ទះ និងអាជីវកម្មរបស់អតិថិជនម្នាក់ៗ។ កញ្ចប់នេះគឺសមរម្យណាស់សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ អតិថិជនអាចរីករាយជាមួយនឹងការផ្តល់ជូនគ្មានដែនកំណត់នៃអ៊ីនធឺណិត ២៤ ម៉ោងក្នុងរយៈពេល ៧ ថ្ងៃ។
លើសពីនេះ OPENNET ក៏កំពុងដំណើរការសេវាកម្មទូរគមនាគមន៍ដោយផ្អែកលើខ្សែដូចជាខ្សែស្ពាន់ (ADSL, Broadband បណ្តាញគ្របដណ្តប់ទូទាំងប្រទេសដ៏ធំទូលាយ។ ក្រុមហ៊ុនកន្លងមកក៏បង្ហាញនូវអតិថិជនគោលដៅរបស់ខ្លួនផងដែរ ដូចជា បុគ្គល អាជីវកម្ម អង្គការស្រាវជ្រាវ និងអប់រំ អង្គការក្រៅរដ្ឋាភិបាល និងនាយកដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជាជាដើម។
ថ្លែងក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីកន្លងទៅ លោក DINH QUANG TUAN នាយកប្រតិបត្តិក្រុមហ៊ុន Opennet បានគូសបញ្ជាក់ពីគម្រោងក្រុមហ៊ុនរបស់លោកនឹងបង្កើតប្រព័ន្ធ MEDIA មាន OTT ID TV ដែលអាចឲ្យអ្នកប្រើ ទូរស័ព្ទដៃស្មាតហ្វូន និងទូរទស្សន៏ មើលប៉ុស្តិ៍ទូរទស្សន៍ នៅក្នុងស្រុកបានទាំងអស់ និងប៉ុស្តិ៍បរទេស លើកលែងតែប៉ុស្តិ៍កុនល្បីៗ មួយចំនួនតម្រូវឲ្យបង់លុយ។
តែជាអកុសល នៅប៉ុន្មានថ្ងៃមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាត់វិធានការលើក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត King Technologies ដែលគេស្គាល់ថា Opennet នឹងចេញលិខិតផ្អាកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ហើយនៅសប្តាហ៍ក្រោយ ក្រសួងនឹងបិទក្រុមហ៊ុនជាបណ្តោះអាសន្ន។
យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Opennet មិនបានសងបំណុលទាំងស្រុងទេ ដោយបានបង់ត្រឹមតែ១.៣ លានដុល្លារ និងគេចវេសបង់ពន្ធដែលនៅសល់ចំនួន ៦.៦ លានដុល្លារ។ ក្នុងករណីដែលក្រុមហ៊ុន Opennet បន្តគេចវេសពីការសងបំណុលរដ្ឋ ក្រសួងនឹងចាត់វិធានការផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុនស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន៕