នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ។ ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានគោរមងារឧកញ៉ានេះ លោកសង្ឃឹមថាជាគំរូដល់សិល្បៈកររួមអាជីពក្នុងការបន្តខិតខំជួយសង្គមជាតិ។
ឧកញ៉ា ខេមរៈ សិរីមន្ដ ថ្លែងនាព្រឹកថ្ងៃទី២០ កុម្ភៈនេះតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំបាទសង្ឃឹមថាបន្ទាប់ពីខ្ញុំបាទបានគោរមងារជា ឧកញ៉ា នេះហើយនឹងក្លាយជាគំរូដ៏ល្អដល់សិល្បៈករសិល្បៈការិនីឲ្យខិតខំធ្វើអ្វីដែលល្អនឹងរួមគ្នាចូលរួមគ្នាជួយដល់សង្គមជាតិរបស់យើងអោយបានច្រើនឡើងៗ”។
ជាមួយគ្នានេះ លោកក៏ថ្លៃងសារជូនពរឲ្យសិល្បៈកររួមអាជីពឆាប់បានគោរមងារជា ឧកញ៉ា ទាំងអស់គ្នា។
ឧកញ៉ា ខេមរៈ សិរីមន្ដ កើតនៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ១៩៨៥ នាស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក សិរីមន្ត មានបងប្អូន៦នាក់ ក្នុងនោះប្អូនស្រីពៅឈ្មោះ ខេមរៈ ស្រីពៅ ជាអ្នកចម្រៀង(ស្លាប់) ។ ចំណែកឯបងប្រុសម្នាក់ទៀត ឈ្មោះ ខេមរៈ ភារុណ គឺជាអ្នកនិពន្ធទំនុកច្រៀងឲ្យលោក។
លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី គួយ ផល្លី ជាម្ចាស់ផលិតផលទឹកអប់ផ្ទាល់ខ្លួនម៉ាកយីហោ Or Brand នាំចូលពីប្រទេសបារាំង។ លោក សិរីមន្ត មានកូន៣នាក់ប្រុសម្នាក់ស្រី២នាក់ កូនប្រុសបងឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី១ឈ្មោះ ខេមរៈ ស្ត្រី កូនស្រីទី៣ឈ្មោះ ខេមរៈ មន្តរាជនី ។
នៅឆ្នាំ ១៩៩៩ លោក ខេមរៈសិរីមន្ត បានចូលរួមកម្មវិធីប្រឡងចម្រៀងក្នុងស្រុកដែលទទួលបានជ័យលាភីលេខ ១ នៅកម្មវិធីប្រលងចម្រៀង (Nestle-Cambodia) ក្នុងទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ។ ក្រោយមកលោក ខេមរៈសិរីមន្តត្រូវបានជ្រើសរើសអោយច្រៀងនៅផលិតកម្ម U2 Entertantment ក្នុងឆ្នាំ ២០០៣ ពេលនោះហើយដែលលោកទទួលបានភាពជោគជ័យក្នុងបទចម្រៀង “បេះដូងអ្នកប្រដាល់” ដែលបទនេះ ទទួលបានការគាំទ្រច្រើននិងមានមនុស្សជាច្រើនចាប់ផ្ដើមស្គាល់លោក ខេមរៈសិរីមន្ត នាពេលនោះដែរ។
ក្នុងឆ្នាំ ២០០៧ លោកសម្រេចចិត្តចាក់ចេញពីផលិតកម្ម U2 Entertainment មកចូលរួមដំណើរជាមួយផលិតផលកម្ម សាន់ដេ។ ទីនេះហើយ នាំឲ្យលោកសាងកេរ្តិ៍ឈ្មោះល្បីល្បាញរន្ទឺសុះសាយពេញផ្ទៃប្រទេស រួមនឹងល្បីរន្ទឺលើឆាកអន្តរជាតិផងដែរ។
តែជាយ៉ាងណា នៅឆ្នាំ២០០១៧ លោក ខេមរៈ សិរីមន្ដ ក៏បានផ្លាស់ប្ដូរទ្រនំដោយមកចូលរួមជាមួយផលិតកម្មដ៏ល្បីរាប់ទស្សវត្សរ៍ ហង្សមាស របស់ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ហង្សមាស គ្រុប រហូតមកដល់ពេលបច្ចុប្បន្ននេះ។
សូមជម្រាបថា ឧកញ៉ា ខេមរៈសិរីមន្ដ ក្រៅតែពីកាន់ឈ្មោះជាតារាចម្រៀងប្រុសជួរមុខលំដាប់ប្រទេសកម្ពុជា លោកក៏ហក់មកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដោយបានចាប់ដៃគូសហការជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកជំនួញល្បីជោគជ័យកសាងប្រាក់ពាន់លាននារយៈពេលប៉ុន្មានឆ្នាំមកនេះ។
តាមរយៈមុខជំនួញអចលនទ្រព្យនេះហើយ ដែលបានរុញច្រាន និងផ្តលឪកាសឲ្យលោកក្លាយជាអ្នកមាន ហើយតែងតែចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជនទីទ័លក្រជាហូរហែផងដែរ រហូតត្រូវបានព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា នៅពេលនេះ៕