រដ្ឋមន្រ្តីក្រសួងរ៉ែ ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជំរុញការអភិវឌ្ឍន៍វិស័យប្រេងកាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាការងារលើរបៀបវារៈសំខាន់មួយចំនួនដើម្បីរកដំណោះស្រាយក្នុងវិស័យប្រេងកាតនៅកម្ពុជា ជាមួយនឹងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា នាថ្ងៃចន្ទ ទី២១ កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនាពេលនេះ លោក ស៊ុយ សែម និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា បានពិភាក្សាលើរបៀបវារៈពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត រួមមាន ការវិនិយោគ និងការអភិវឌ្ឍប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ និងការសិក្សាស្វែងរុករកប្រេងនិងឧស្ម័នបន្ថែម។ គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ក៏ដូចជាជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យប្រេងកាត។

ក្នុងនោះ ភាគីទាំងពីរ គ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថាមពល ការកៀងគរការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា ក៏បានស្នើអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ទៅធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរពិសោធន៍ នៅប្រទេសអឺរ៉ុងផងដែរ។

សូមជម្រាបជូនថា ចំពោះការរ៉ុករកប្រេង និងឧស្ម័ន ប្រទេសកម្ពុជាមានប្លុក​ចំនួន​៦​ ដែលស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​ (A-F)​ ប្លុក​ចំនួន១៩​ ស្ថិត​នៅ​លើ​ដីគោក​ (I–XIX)​ និង​ប្លុក​ចំនួន​៤ទៀត​ ស្ថិត​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា​ (OCA)​ ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​។​ប្លុក A អាចនឹងផលិតបានប្រេងមុនគេ ប្រសិនបើកត្តាសេដ្ឋកិច្ចអំណោយផល និងមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតករ និងរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះកម្ពុជា ក៏​មិនមាន​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​មាន​សមត្ថភាព​ផលិត​ប្រេង ​និង​ឧស្ម័ន​ដែល​អាច​ទាញយកបាននោះ​ទេ​ ទោះបីជា​នៅ​ដើមឆ្នាំ​២០១៥​ ក្រុមហ៊ុន​ប្រេងកាត​កម្ពុជា​ ធ្លាប់បាន​បញ្ជាក់​ថា​ រោងចក្រ​ចម្រាញ់​ប្រេង​តម្លៃ​ ២.៣​ ពាន់​លាន​ដុល្លារ​របស់​ខ្លួន​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ ៣៦៥​ ហិ​កតា​កាត់​ខេត្តកំពត ​និង​ខេត្ត​ព្រះ​សីហ​នុ​នោះ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​ក៏​ដោយ​។

យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង​ ​និង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន កាលពីឆ្នាំកន្លងទៅ បានឲ្យដឹងថា ចំណូលដែលបានមកពីប្រេងនៅ​មាន​ទំហំ​តូច និង​មិនទាន់​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា​នៅឡើយទេបើប្រៀបធៀបទៅនឹងវិស័យជំនួញដទៃៗទៀត។

បើតាមសម្តេច ហ៊ុន សែន អណ្ដូង​ទី១ បូម​បាន​រយៈ​ពេល ៣៣ថ្ងៃ​ ដែលក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ប្រេង​ចំនួន ១២៣៦ ​បារ៉ែល ហើយគិតមកដល់បច្ចុប្បន្ន ផលិត​បាន​ចំនួន ៤០ ៧៨៨​បារ៉ែល។ សម្តេចពន្យល់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្នុង​មួយ​បារ៉ែល​មាន​តម្លៃជាង ៥០ ដុល្លារ នោះមានន័យថាយើង​អាច​ទទួល​បាន​ចំណូល​ប្រមាណ ៣០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែលមិន​បាន​ស្មើ​ចំណូល​សារពើ​ពន្ធ​លើ​ទិដ្ឋាការ​នៃ​ទេសចរណ៍​មួយ​លាន​នាក់​ផង»។

សម្តេចបន្តថាអណ្តូងទី ២ ទើបតែចាប់ផ្តើមប្រតិបត្តិការប៉ុណ្ណោះ ខណៈដែលអណ្តូងទី ៣ ទី ៤ និងទី ៥ គ្រោងនឹងអនុវត្តម្តងក្នុងពេលតែមួយ។

កាលពីចុងឆ្នាំ ២០២០ កន្លងទៅ ប្រទេសកម្ពុជាបានចាប់ផ្តើមទាញយកផលិតកម្មប្រេងដំបូងរបស់ខ្លួនក្នុងឈូងសមុទ្រថៃ ដែលជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនរបស់ប្រទេសសឹង្ហបូរី KrisEnergy Ltd។ ការប៉ាន់ប្រមាណផលិតកម្មប្រេងនាពេលបច្ចុប្បន្នដែលមានចំនួន ៧៥០០ បារ៉ែលក្នុងមួយថ្ងៃគឺមានចំនួនទាប បើប្រៀបធៀបជាមួយប្រទេសថៃដែលអាចផលិតបានច្រើនជាង ៥០០ ០០០ បារ៉ែល ក្នុងមួយថ្ងៃ៕