គ្រាប់ស្វាយចន្ទីកម្ពុជា នឹងត្រូវយកទៅបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារធំមួយនៅទីក្រុងអូសាកា ប្រទេសជប៉ុន នាខែមីនាខាងមុខ។ នេះបើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News។
ជារៀងរាល់ឆ្នាំនៅខែមីនា ជប៉ុនតែងតែរៀបចំការតាំងពិព័រណ៍ម្ហូបអាហារដ៏ធំមួយកម្រិតពិភពលោក នៅទីក្រុងអូសាកា ដែលមានរយៈពេលប្រមាណជិត១ខែ។
បើតាមប្រធានសមាគម បន្ទាប់ពីគ្រាប់ស្វាយចន្ទីកម្ពុជា ដាក់បង្ហាញក្នុងពិព័រណ៌ម្ហូបអាហារធំមួយនៅជប៉ុន នឹងជួយទាំងផ្សព្វផ្សាយពីគុណភាពស្វាយចន្ទី និងជួយទាក់ទាញវិនិយោគជប៉ុនមកសាងសង់រោងចក្រនៅកម្ពុជា។
កន្លងមកក្រុមហ៊ុនជប៉ុន ធ្លាប់បានយកគ្រាប់ស្វាយចន្ទីកម្ពុជាយកទៅពិសោធ បានរកឃើញថា ក្នុងគ្រាប់ស្វាយចន្ទី M23 របស់កម្ពុជា មានសារធាតុអូមីកាម្យ៉ាងឈ្មោះ អូលីអេកាស៊ីត រហូតដល់២៨% ច្រើនជាងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។
ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាទាក់ទាញបានក្រុមហ៊ុនជប៉ុនចំនួន២ហើយ ដែលមកវិនិយោគលើការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
កាលពីឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា បាននាំចូលទៅទីផ្សារជប៉ុនប្រមាណ៣០តោន។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមជាង៩២ម៉ឺនតោន៕