ជាខេត្តដែលមានភាពអំណោយផលនៃទីតាំងភូមិសាស្រ្តជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះ កុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង២៣៧គ.ម កំពុងទាក់ទាញវិនិយោគបន្ថែមទៀត។ ក្នុងឆ្នាំ២០២១កន្លងទៅ អ្នកឧកញ៉ាគ្រាក់ៗកម្ពុជា ៣រូបរួចមកហើយ ស្នើសុំនិងទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍន៍នានាជាច្រើនកន្លែងលើទឹកដីនៃខេត្តកោះកុង ដើម្បីធ្វើការអភិវឌ្ឍន៍លើកសម្រស់មុខមាត់ខេត្ត ក៏ដូចជាជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
អ្នកជំនួញធំៗមានឥទ្ធិពលក្នុងសង្គមទាំងនោះរួមមាន អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា កុក អាន និងអ្នកឧកញ៉ា គិត ម៉េង។
ក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ មានឈ្មោះថាក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត បានដាក់សំណើរស្នើសុំវិនិយោគសាងសង់កំពង់ផែទឹកជ្រៅមួយកន្លែង នៅលើផ្ទៃដីសរុបចំនួន ៤៩២,៦៤ ហិកតា ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋបាលខេត្តបានបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងជួយជំរុញវិស័យការដឹកជញ្ជូន តាមផ្លូវទឹករបស់ខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ពិសេសអាចនឹងក្លាយជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មសំបូរបែបមួយ ក្នុងខេត្តកោះកុង។
យ៉ាងណា លោក អ៊ុក ភ័ក្រ្តា មិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់នៃការវិនិយោគនិងពេលវេលាអំពីដំណើរការសាងសង់កំពង់ផែទឹកជ្រៅនេះ នៅឡើយទេ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមហ៊ុន បាននឹងកំពុងសិក្សា។
ជាមួយគ្នានេះ អ្នកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន Anco Group ដែលអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជា និងជាសមាជិកព្រឹទ្ធសភាកូតាគណបក្សប្រជាជនកម្ពុជា ក៏បានស្នើសុំវិនិយោគគម្រោងពហុបំណង របស់ក្រុមហ៊ុន អានកូ លើផ្ទៃដីទំហំ ៦.១៤៥,៩៦ ហិកតា ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ លាតសន្ធឹងលើស្រុកចំនួនពីរ គឺស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តកោះកុង។
គម្រោងរបស់ក្រុមហ៊ុនអានកូ អាហរ័ណ នីហរ័ណ ដែលបានជ្រើសរើសទឹកដីនៃខេត្តកោះកុងសម្រាប់ការវិនិយោគគម្រោងពហុបំណងនេះ ត្រូវបានរដ្ឋបាលខេត្តបង្ហាញការគាំទ្រ ហើយរំពឹងថានឹងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ មកកាន់ខេត្តកោះកុងបន្ថែមទៀត។
បើតាម អ៊ុក ភ័ក្រ្តា ខេត្តកោះកុង មានគម្រោងវិនិយោគធំៗបានបង្ហាញខ្លួនជាច្រើននៅក្នុងតំបន់ស្តុកនៃខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដូចជាព្រលានយន្តហោះតារាសាគរកម្រិត 4E កំពង់ផែទឹកជ្រៅ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ រួមទាំងគម្រោងអភិវឌ្ឍន៍ដ៏សន្ធឹកសន្ធាប់ផ្សេងទៀត។
លើសពីនេះទៅទៀត តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចប្រគល់ដីឧទ្យានជាតិបុទុមសាគរ ស្ថិតនៅភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលទំហំរហូតដល់ទៅ ៨ ៦៣១ ហិចតា ទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបង្កើតនិងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។
តាមរយៈលិខិតដដែល រដ្ឋាភិបាលបានណែនាំឲ្យក្រសួងបរិស្ថាន ត្រូវចុះពិនិត្យសិក្សាអំពីទីតាំង ដែលក្រុមហ៊ុនបានស្នើសុំដោយសហការជាមួយរដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីកំណត់ទីតាំងដីជាក់ស្ដែង ដែលរាជរដ្ឋាភិបាលផ្ដល់ជូនក្រុមហ៊ុន ក្នុងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។
ចំណែកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបំពេញបែបបទនិងនីតិវិធីជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ។
សូមជម្រាបជូនថា កាលពីឆ្នាំកន្លងទៅ រដ្ឋបាលខេត្តកោះកុង ចូលរួមជាមួយក្រុមការងារនៃក្រសួងបរិស្ថាន និងឧកញ៉ា ស្រី ចាន់ថន ម្ចាស់គម្រោង ជាអគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានចុះពិនិត្យសិក្សាទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច (ផ្ទៃដីទំហំមិនលើស ១០ ហិកតា) ចំនួន ៤គម្រោង ក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល (តំបន់ខ្នងផ្សារ)។
រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រោយពីក្រុមការងារ បានពិនិត្យទីតាំងជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះសមស្របសម្រាប់ការវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច។ តែក៏សូមអោយម្ចាស់គម្រោងពេលទទួលបានការអនុញ្ញាតវិនិយោគពីរដ្ឋាភិបាល សូមម្ចាស់គម្រោងជួយស្ថាបនាផ្លូវ ១ ខ្សែ ពីទីប្រជុំជនឃុំប្រឡាយចូលមកកាន់ខ្នងផ្សារ និងសូមឲ្យមានការថែរក្សាបរិស្ថាន និងការគ្រប់គ្រងសំរាម និងសំណល់រាវឲ្យបានល្អប្រសើរ៕