ក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន បានប្រកាសថាខ្លួន គ្រោងនឹងដំណើរការរថភ្លើងល្បឿនយឺត បន្ថែមពីលើរថភ្លើងល្បឿនលឿន EMU ដែលមានស្រាប់ចំនួន ២ដើម្បីបំពេញតាមតម្រូវការអ្នកដំណើរ ដែលកំពុងកើនឡើង ។
ជាក់ស្តែងរថភ្លើងថ្មី ដែលនឹងដាក់មកបន្ថែម គឺអាចរត់បានក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបានជាង ១ ០០០ នាក់ គឺបានដឹកមកដល់ទីក្រុងវៀងចន្ទន៍ហើយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
លោក Vongthong Souphanthong វិស្វកររងនៃក្រុមហ៊ុនផ្លូវដែក ឡាវ-ចិន បានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្តាហ៍មុនថា រថភ្លើងថ្មីនេះ គ្រោងនឹងចាប់ផ្តើមដាក់ឱ្យបម្រើសេវាកម្ម នៅខែក្រោយ។
គួរឱ្យដឹងថា ផ្លូវដែក ឡាវ-ចិន បានចាប់ផ្តើមបើកបម្រើសេវាកម្មរបស់ខ្លួន នៅថ្ងៃទី ៣ ខែធ្នូឆ្នាំមុន ហើយរថភ្លើងរបស់ពួកគេបានដឹកអ្នកដំណើរបានចំនួន ១២៤ ២២៥ នាក់ហើយ គិតត្រឹមថ្ងៃទី ១៣ កុម្ភៈ ។ ជាមធ្យម អ្នកដំណើរចំនួន ១ ៧២៥ នាក់ បានធ្វើដំណើរលើរថភ្លើងជារៀងរាល់ថ្ងៃ ខណ:ពេលខ្លះចំនួនអ្នកដំណើរប្រចាំថ្ងៃ អាចកើនឡើងដល់ខ្ពស់បំផុត ចំនួន ២ ៨០០ នាក់ ។
បន្ថែមពីនេះ ការតភ្ចាប់ផ្លូវដែកមួយខ្សែនេះ បានដឹកជញ្ជូនទំនិញសរុបបាន ១៥៧ ៥៦៨ តោន គិតត្រឹមថ្ងៃទី ១៣ កុម្ភៈ ដែលស្មើនឹងជាមធ្យម ២ ១៨៨ តោន ក្នុងមួយថ្ងៃ ខណ:ចំនួនអតិបរមាគឺ ៦ ៧៤៨ តោន ក្នុងមួយថ្ងៃ ។
ជម្រាបឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី ១៤ កុម្ភៈមក ក្រុមហ៊ុនខាងលើ បានបង្កើនចំនួនធ្វើដំណើរ ពីមួយថ្ងៃមួយជើង មកពីរជើង ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដូច្នេះសេវាកម្មពីរលើក ត្រូវបានផ្តល់ជូន នៅថ្ងៃនីមួយៗ នៃសប្តាហ៍ ៕
ប្រភព: NationThailand