ស្ថាប័ន​ពីរ​ចាប់ដៃគ្នា ប្រយុទ្ធ​គាំពារ​ពាក់ព័ន្ធ​កម្មសិទ្ធ​បញ្ញា

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ “គ.ប.ផ.ក.” និង សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា “ស.ក.ប.ក.” កាលពីដើម​សប្តាហ៍​នេះ​បានចុះអនុស្សរណៈនៃការយោគយល់គ្នាបង្កើតជាយន្តការនៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តកិច្ចសហការលើការផ្តល់ការផ្សព្វផ្សាយ អប់រំ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានបង្ហាញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ផ.ក. ដែល​ជាដៃគូសហការយ៉ាងសំខាន់មួយក្នុងចំណោមដៃគូសហការជាច្រើនរបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែល​ជាស្ថាប័នមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។

បើ​តាម​លោកស្រី សេង វួចហ៊ុន ដែលកំុពុង​កាន់​តំណែង​ជា​ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បាន​បញ្ជាក់ថា នៅពេលដែល​មានករណីបំពានលើកម្មសិទ្ធិបញ្ញាកើតឡើង គឺ គ.ប.ផ.ក. នេះហើយដែលជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តច្បាប់ស្តីអំពីកម្មសិទ្ធិបញ្ញា។ ហេតុនេះ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុទ្ធតែមានភាពចាំបាច់សម្រាប់ការស្វែងយល់បន្ថែមពីគ្នាទៅវិញទៅមក ដើម្បីឱ្យការបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. បានលើក​ឡើង​ពី​ភាពចាំបាច់ និងសារសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លើ​គោលបំណងសំខាន់​ផ្តោត​ទៅលើការអប់រំ ការផ្សព្វផ្សាយ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជារវាងគណៈកម្មាធិការ និងសមាគម។

លោក​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការផ្សព្វផ្សាយដល់ដៃគូវិស័យឯកជននេះ នឹង​អាច​បង្កើនការយល់ដឹងអំពីច្បាប់កម្មសិទ្ធិបញ្ញា ជាពិសេសការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលរំលោភលើកម្មសិទ្ធិបញ្ញានៅកម្ពុជា។

កន្លងទៅនេះ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបង្ក្រាបនិងបានធ្វើការបំផ្លាញចោលជាងមួយពាន់តោនផលិតផលប្រើប្រាស់​ និងគ្រឿងឧបភោគ-បរិភោគខុសច្បាប់ និងខូចគុណភាព ក៏ដូចជាផលិតផលប្រើប្រាស់ទូទៅជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់ផងដែរ។

លោក មៀច សុផាន់ណា បាន​ថ្លែង​សង្កត់​ថា បញ្ហាផលិតផលក្លែងក្លាយ ការរំលោភកម្មសិទ្ធិបញ្ញា និងចំណីអាហារ​ខូច​គុណភាព ដែលមានផ្ទុកសាធាតុគីមីដូចជាគ្រឿងឧបភោគ-បរិភោគ គឺបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាយុជីវិត និងសេដ្ឋកិច្ចសង្គមកម្ពុជា៕