រដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន បានក្លាយជាគោលដៅទី ២០ ដែលប្រទេសវៀតណាម ចាប់ផ្តើមបើកការហោះហើរជាធម្មតាវិញ ក្រោយពីមានជំងឺឆ្លងកូវីដ ១៩ ។
ជាក់ស្តែង គោលដៅធំៗទាំង ១៩ ដែលវៀតណាមបើកឱ្យមានការហោះហើរមុនដំបូងគេ គឺមានដូចជាទីក្រុងបាងកក , ដូហា , ឌុយបៃ , ក្វាងចូវ , ហ្វ្រេងហ្វើត , ហុងកុង , អ៊ីស្តង់ប៊ុល , កូឡាឡាំពួ , ទីក្រុងឡុងដ៏ , ម៉ូស្គូ , ប៉ារីស , រាជធានីភ្នំពេញ , សាន់ហ្វ្រាន់ស៊ីស្កូ , សេអ៊ូល , សិង្ហបុរី , ស៊ីដនី , តៃប៉ិ , តូក្យូ និងទីក្រុងវៀងច័ន្ទ ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងដឹងជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារ ។
គួរឱ្យដឹងផងដែរថា នៅមុនមានជំងឺរាតត្បាតកូវីដ ១៩ ប្រទេសវៀតណាម បានដំណើរការជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេសគោលដៅធំៗចំនួន ២៨ ។
យ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសគោលដៅចំនួន ៨ ក្នុងចំណោម ២៨ នោះ វៀតណាមមិនទាន់បានអនុញ្ញាតឱ្យហោះហើរឡើងវិញនៅឡើយទេ ដោយក្នុងនោះមានដូចជា ប្រ៊ុយណេ ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ម៉ាកាវ មីយ៉ាន់ម៉ា និងស្វីស ។
ដោយឡែក បើយោងតាមក្រសួងដឹកជញ្ជូន បាននិយាយថាបច្ចុប្បន្ន មានជើងហោះហើរអន្តរជាតិចំនួន ៣៧០ ដែលបានហោះចូល និងចេញពីប្រទេសវៀតណាម ក្នុងមួយសប្តាហ៍ ឬស្មើនឹង ១០% នៃតួលេខមុនពេលមានជំងឺរាតត្បាត ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានបញ្ចប់ការរឹងបន្តឹងទាំងអស់ ទៅលើជើងហោះហើរអន្តរជាតិ កាលពីថ្ងៃទី ១៥ កុម្ភៈ បន្ទាប់ពីបានផ្អាកអស់រយ:ពេលជិត ២ ឆ្នាំ ៕
ប្រភព: VN Express